ព័ត៌មានជាតិ

សម្តេចតេជោ សង្ឃឹមថា លោក មីង អោងឡាំង នឹងពិចារណាសំណើរសម្ដេច កុំប្រហារជីវិតយុវជន២នាក់ (Video)

ភ្នំពេញ ៖ ក្នុងនាមជាប្រធានស៊ាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា នាយឧត្តមសេនីយ៍ មីង អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា នឹងពិចារណាលើសំណើររបស់សម្តេច កុំឲ្យប្រហារជីវិតលើយុវជន២នាក់ ព្រោះជៀសវាងការបន្ថែមក្តីលំបាកទៀត។

ក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំកំពុងស្នើទៅមីយ៉ាន់ម៉ា កុំឲ្យប្រហារជីវិតយុវជន២នាក់។ ខ្ញុំសង្ឃឹមថា ឯកឧត្តម មីង អោងឡាំង នឹងពិចារណា សំណើខ្ញុំ ក្នុងក្របខ័ណ្ឌជាប្រធានអាស៊ាន ដោយយើងមិនចង់ឃើញអ្វីកើតឡើងបន្ថែម ទៅលើអ្វីដែលជាបញ្ហាកំពុងលំបាកស្រាប់នោះទេ»។

សូមរំលឹកថា នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានផ្ញើសារលិខិតមួយជូន នាយឧត្តមសេនីយ៍ មីង អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ាថា ការផ្តន្ទាទោស និងផែនការប្រហារជីវិត លើបុគ្គលមួយចំនួន ដែលប្រឆាំងនឹងក្រុមប្រឹក្សារដ្ឋបាលរដ្ឋ បានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុង ចំណោមរដ្ឋសមាជិកអាស៊ាន ក៏ដូចជាដៃគូខាងក្រៅរបស់អាស៊ាន។

សម្ដេចតេជោបន្ដថា កម្ពុជាជឿជាក់ថា ផែនការប្រហារជីវិតនេះ ប្រសិនបើត្រូវបានអនុវត្ត ប្រាកដជានឹងបង្ក ឲ្យមាន ប្រតិកម្មអវិជ្ជមានរីករាលដាលពេញសហគមន៍អន្តរជាតិ។

នេះក៏នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់កិច្ច ខិតខំប្រឹងប្រែងរបស់អាស៊ាន និងកម្ពុជា ។ ក្នុងឋានៈជាប្រធានអាស៊ាន ដើម្បីគាំទ្រមីយ៉ាន់ម៉ាឲ្យវិលទៅរកភាពប្រក្រតីឡើងវិញ និងស្វែងរកដំណោះស្រាយដោយ សន្តិវិធីចំពោះវិបត្តិ បច្ចុប្បន្ន តាមរយៈដំណើរការសន្ទនាដែលមានបរិយាប័ន្ន ស្របតាមកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ៥ ចំណុចរបស់អាស៊ាន។

សម្ដេចតេជោបញ្ជាក់ថា «អាស្រ័យហេតុនេះ ដោយក្តីបារម្ភយ៉ាងជ្រាលជ្រៅ និងបំណងប្រាថ្នាដ៏ស្មោះ ស្ម័គ្រក្នុង ការ ជួយមីយ៉ាន់ម៉ាឲ្យសម្រេចបាននូវសន្តិភាព និងការផ្សះផ្សាជាតិ ។ ខ្ញុំសូមស្នើដោយស្មោះស្ម័គ្រ ដល់ឯកឧត្តម និងក្រុមប្រឹក្សារដ្ឋបាលរដ្ឋឲ្យពិចារណាឡើងវិញនូវការផ្តន្ទាទោសនេះ និងជៀសវាងការអនុវត្តការកាត់ទោស ប្រហារជីវិតដល់អ្នកដែលប្រឆាំងនឹងក្រុមប្រឹក្សារដ្ឋបាលរដ្ឋទាំងនោះ»៕

To Top