ព័ត៌មានជាតិ

ទោះមានការរាតត្បាតជំងឺកូវីដ ក៏ចំណងមិត្តភាព និងកិច្ចសហការ រវាងកម្ពុជា-ជប៉ុន នៅតែស្ថិតស្ថិរ និងបន្តរីកចម្រើន

ភ្នំពេញល៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងបញ្ជាក់ថា ទោះបីជាមានការរាតត្បាត នៃជំងឺកូវីដ ក៏ដោយ ក៏ចំណងមិត្តភាពភាតរភាព និងកិច្ចសហប្រតិបត្តិការពហុភាគី រវាងកម្ពុជា-ជប៉ុន នៅតែស្ថិតស្ថេរ និងបន្តរីកចម្រើន ដោយសារការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់ប្រទេសទាំងពីរ ក្នុងការ អភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ។

ក្នុងឱកាសអញ្ជើញ ចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពី ការបន្តផ្ដល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន សម្រាប់គម្រោង «អាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស» ដែលមានទំហំទឹកប្រាក់ចំនួន ៣៦៣លានយ៉េន នៅថ្ងៃទី១៣ មិថុនានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា ក្រោមហិរិញ្ញប្បទានឥតសំណងនេះ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាចំនួន ២៦រូប ដែលរួមមានបេក្ខជនថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ចំនួន ២៤រូប និងថ្នាក់បណ្ឌិតចំនួន ២រូប នឹងទទួលបានអាហារូបករណ៍ ទៅបន្តការសិក្សានៅសាកលវិទ្យាល័យ ល្បីៗជាច្រើនក្នុងប្រទេសជប៉ុន។

លោកបន្តថា ចាប់តាំងពីគម្រោងអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស ឬ «JDS» ត្រូវបានផ្តល់ជូនប្រទេសកម្ពុជា នៅឆ្នាំ២០០០មក គម្រោងនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ដល់មន្ត្រីរាជការកម្ពុជាចំនួន ៥២២រូប មកពីក្រសួង-ស្ថាប័ននានា ដែលក្នុងនោះ មាន​​២៧​រូប​ជា​មន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ មានមន្ត្រីចំនួន ៤៣៩រូប បានវិលត្រឡប់មកកម្ពុជាវិញ ហើយដែលមួយចំនួន បានកាន់មុខតំណែងជាអ្នកដឹកនាំ និងមុខតំណែងសំខាន់ៗជាច្រើន នៅតាមក្រសួង​-ស្ថាប័នរបស់ពួកគេរៀងៗខ្លួន។

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក ប្រាក់ សុខុន បានសម្តែងនូវអំណរគុណ យ៉ាងស្មោះអស់ពីដួងចិត្តចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលមិនត្រឹមតែផ្ដល់ហិរញ្ញប្បទាន ឥតសំណង JDS និងអាហារូបករណ៍ដល់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដើម្បីជួយឧបត្ថម្ភគាំទ្រ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ របស់ប្រទេសជប៉ុនដល់កម្ពុជា និងជំនួយដើម្បីជួយឧបត្ថម្ភ​គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ ប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩។  

ចំពោះកិច្ចសហប្រតិបត្តិការជារួម លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា «ទោះបីជាមានការរាតត្បាតនៃជំងឺ ក៏ដោយ ចំណងមិត្តភាពភាតរភាព និងកិច្ចសហប្រតិបត្តិការ ពហុភាគីរវាងកម្ពុជា និងជប៉ុន នៅតែស្ថិតស្ថេរ និងបន្តរីកចម្រើន ដោយសារការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់ប្រទេសយើងទាំងពីរក្នុងការ អភិវឌ្ឍបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគី ។ ប្រទេសទាំងពីរ ក៏បានរក្សាការផ្លាស់ប្តូរទស្សនកិច្ច និងទំនាក់ទំនងកំរិតខ្ពស់ ជាញឹកញាប់ ដែលបានបង្ហាញជាក់ស្តែងរួមមាន ដំណើរទស្សនកិច្ចផ្លូវការ របស់ឯកឧត្តម ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន មកកាន់ប្រទេសកម្ពុជា កាលពីខែមីនាឆ្នាំនេះ និងការអញ្ជើញចូលរួមរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុង “កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីទឹក” លើកទី៤ នៅទីក្រុងគូម៉ាម៉ូតូ ក្នុងខែមេសា ឆ្នាំ២០២២ ក៏ដូចជាការផ្លាស់ប្តូរទស្សនកិច្ចរវាងមន្ត្រីយោធាជាន់ខ្ពស់ រួមមាន ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងឯកឧត្តមឧត្តមសេនីយ៍ យ៉ាម៉ាហ្សាគី កូហ្ស៊ី ជាដើម» ។

លោកសង្ឃឹមយ៉ាងមុតមាំថា នឹងមានសកម្មភាព និងព្រឹត្តិការណ៍ជាច្រើនថែមទៀត រវាងប្រទេសយើងទាំងពីរ នៅចុងឆ្នាំនេះ ដើម្បីប្រារព្ធខួបលើកទី៣០ នៃបេសកកម្មនៅក្រៅប្រទេសលើកដំបូង របស់កងកម្លាំងស្វ័យការពារ ជប៉ុននៅកម្ពុជា ក្រោមប្រតិបត្តិការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ និងការរំលឹកខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន នាឆ្នាំក្រោយ ។

លោកក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះលោកឯកអគ្គរដ្ឋទូត មិកាមិ និងសហការីនៅស្ថានទូតជប៉ុន ព្រមទាំងបុគ្គលិកនៃទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន សម្រាប់កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រជាជាតិយើងទាំងពីរ ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍន៍ រយៈពេលវែងនៅកម្ពុជា ៕

To Top