សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាមេគង្គ (JCI Cambodia-Mekong) កាលពីថ្ងៃអាទិត្យ ទី១២ ខែមិថុនាកន្លងទៅនេះ បានរៀបចំយុទ្ធនាការកំពតស្អាត ក្រោមប្រធានបទ “ទម្លាប់ថ្មី ទម្លាប់ស្អាត”។ នេះជាឆ្នាំទី៤ហើយបន្ទាប់អាក់ខានដោយសារជំងឺ កូវីដ១៩។ កំពតស្អាត២០២២ នៅតែឈរលើបេសកកម្មនិង ចក្ខុវិស័យដដែលគឺ លើកទឹកចិត្តដល់មនុស្សយុគសម័យថ្មីបន្តប្រតិ្តបត្តិគោលការណ៍សុវត្តិភាព និងអនាម័យ ពិសេស ការទុកដាក់ គ្រប់គ្រងកាកសំណល់ (សំរាម)ឲ្យបានត្រឹមត្រូវ និង ការកាត់បន្ថយសំណល់ផ្លាស្ទិក ដើម្បីចូលរួមលើកកម្ពស់ទីក្រុងស្អាត និងបរិស្ថានរស់នៅស្អាត នៅក្នុងក្រុងកំពត។
លោក អ៊ឹង ប៉ូឡា ប្រធានគម្រាងកំពតស្អាតឆ្នាំ២០២២ បានលើកឡើងថា សំរាម គឺកើតចេញពីយើងទាំងអស់គ្នា។ ដូច្នេះ យើងទាំងអស់គ្នាត្រូវចូលរួមគ្រប់គ្រងសំរាម។ បើយើងគ្រប់គ្រងសំរាមបានល្អ នោះទីសាធារណៈនឹងស្អាតដូចក្នុងផ្ទះរបស់យើង។ ហើយខេត្តកំពតនេះគឺជាទីក្រុងស្អាត ដែលបុគ្គលម្នាក់ៗត្រូវចូលរួមគិតគូរក្នុងការគ្រប់គ្រងកាកសំណល់បានត្រឹមត្រូវ។ ហើយកិច្ចការនេះត្រូវការការចូលរួមពីយើងទាំងអស់គ្នា!
បន្ថែមពីនេះ លោក ឃឹម ប៊ុនឡែន អនុប្រធានប្រតិបត្តិថ្នាក់ជាតិ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាឆ្នាំ២០២២ បានសង្កត់ធ្ងន់ថា បរិស្ថានស្អាត គឺផ្តើមចេញពីបុគ្គលម្នាក់ៗ ហើយលោកសង្ឃឹមថា យុទ្ធនាការកំពតស្អាតនឹងរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់យុវជន និងសាធារណៈជនក្នុ្ងងទុកដាក់សំរាមមានសណ្តាប់ធ្នាប់ល្អ និងបង្កើតទម្លាប់កាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក ដើម្បីចូលរួមថែរក្សាបរិស្ថាន។
គួរជម្រាបជូនថា យុទ្ធនាការកំពតស្អាតឆ្នាំ២០២២នេះ បានរៀបចំឡើងនៅពហុកីឡាដ្ឋាន ខេត្តកំពត ក្រោមអធិបតីភាព លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថាន ខេត្តកំពត។ លោក ឃឹម ប៊ុនឡែន អនុប្រធានប្រតិបត្តិថ្នាក់ជាតិ នៃសភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា។ កញ្ញាលីម ហ៊ូង ប្រធានថ្នាក់តំបន់ នៃសភាយុវពាណិជ្ជករកអន្តរជាតិកម្ពុជា សាខាមេគង្គ និងដោយមានការចូលរួមពីតំណាងមន្ទីរបរិស្ថាន មន្ទីរ អប់រំ យុវជន និងកីឡាខេត្តកំពត សមាជិកសមាជីកា នៃសភាយុវពាណិជ្ជករកម្ពុជា យុវជនកំពតស្អាត និងលោកគ្រូអ្នកគ្រូប្រមាណ ៣០០នាក់។ ក្នុងយុទ្ធនាការនេះ សភាយុវពាណិជ្ជករកម្ពុជា សាខាមេគង្គ ក៏បានចែកជូននូវថង់បរិស្ថាន និងដបទឹកបរិស្ថាន ដើម្បីបង្កើតទម្លាប់ថ្មី ទម្លាប់ស្អាត ក្នុងការថែរក្សាបរិស្ថានផងដែរ។
យុទ្ធនាការកំពតឆ្នាំ ២០២២ នេះបានទទួលការឧបត្ថម្ភពី ធនាគារ Phillip Bank ក្រុមហ៊ុន Michelin សហគមន៍ចម្ការ ស្តេចធុរេន ក្រុមហ៊ុនកាហ្វេ 101 សណ្ឋាគារ និងភោជ្ជនីយដ្ឋាន Pippali ក្រុមហ៊ុន Coca-Cola និង អ្នកឧបត្ថម្ភនានាទៀត៕