ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្មបានថ្លែងថា កម្ពុជា នឹងចូលរួមយ៉ាងសកម្ម ជាមួយសមាជិកផ្សេងៗទៀត ក្នុងការដោះស្រាយបញ្ហា សន្តិសុខស្បៀង និង កំណែទម្រង់អង្គការ WTO ព្រមទាំងការលើកលែង ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង TRIPs (TRIPs Waiver)។
ក្នុងឱកាសអញ្ជើញ ចូលរួមថ្លែងសុន្ទរកថា បើកសន្និសីទ ថ្នាក់រដ្ឋមន្ត្រីលើកទី១២ (12th Ministerial Conference – MC12) របស់អង្គការ ពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី១២ មិថុនា លោក ប៉ាន សូរស័ក្តិ បានលើកឡើង ពីបញ្ហាប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី កំពុង ជួបនឹងវិបត្តិ ហើយការមិនទទួលបានលទ្ធផល ពីសន្និសីទថ្នាក់រដ្ឋមន្ត្រីមុនៗ បានចោទជាសំណួរ ចំពោះប្រសិទ្ធភាព នៃអង្គការ WTO។ លោកថា កម្ពុជា ក្នុងនាមជាប្រទេសអភិវឌ្ឍន៍តិចតួច តែងតែគាំទ្រនិងផ្តល់តម្លៃខ្ពស់ លើប្រព័ន្ធពាណិជ្ជកម្មពហុភាគី។
ទន្ទឹមនឹងនេះ លោកបន្តថា កម្ពុជាចង់ឲ្យ MC12 នេះ ប្រកបទៅដោយរលូន និងទទួលបាននូវលទ្ធផលជាផ្លែផ្កា ហើយសមាជិកគួរប្រើសន្និសីទនេះ ជួយពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ពហុភាគីឡើងវិញ ដើម្បីឆ្លើយតបទៅនឹងការកើនឡើននូវ នៃបញ្ហាការសម្រេចចិត្ត ដោយឯកតោភាគី និងបញ្ហាដែលប្រទេសតូច ត្រូវបានដាក់ឱ្យនៅដោយឡែក ។
លោកគូសបញ្ជាក់ថា «លទ្ធផល នៃការចរចាកិច្ចព្រមព្រៀង ស្តីពីការឧបត្ថម្ភធនជលផល នឹងក្លាយជាលទ្ធផលដ៏សំខាន់បំផុត សម្រាប់អង្គការ WTO ដែលបញ្ហានេះគឺបានអូសបន្លាយ ពេលជាង២០ឆ្នាំមកហើយ។ ក្នុងនោះផងដែរ កម្ពុជា ក៏ចង់ឃើញនូវការសម្រេច បន្ថែមលើការចរចាធ្វើកំណែ ទម្រង់កសិកម្ម ហើយកម្ពុជា នឹងចូលរួមយ៉ាងសកម្មជាមួយ សមាជិកផ្សេងទៀត ក្នុងការដោះស្រាយបញ្ហា សន្តិសុខស្បៀង និងកំណែទម្រង់អង្គការ WTO ព្រមទាំង ការលើកលែងពាក់ព័ន្ធ នឹងកិច្ចព្រមព្រៀង TRIPs (TRIPs Waiver)» ។
លើសពីនេះ លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា កម្ពុជាបន្តគាំទ្រ និងឲ្យតម្លៃខ្ពស់ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយយកមូលដ្ឋានច្បាប់ជាចម្បង។ សមាជិកទាំងអស់ត្រូវធានាថា អង្គការ WTO នៅតែសកម្ម តាមរយៈការធ្វើកំណែទម្រង់ មានតម្លាភាព និងជាវេទិកាប្រកប ដោយបរិយាបន្នដែលអនុញ្ញាត ឲ្យប្រទេសអភិវឌ្ឍន៍តិចតួច បានក្លាយជាចំណែកមួយក្នុងការសម្រេចចិត្ត និងបានលើកឡើងពីបញ្ហា របស់ពួកគេ។
សូមរំលឹកថា ក្នុងសន្និសីទ MC12 នេះ កម្ពុជាប្តេជ្ញា ចិត្តយ៉ាងពេញលេញ ក្នុងការធ្វើការងារជាមួយសមាជិកផ្សេងទៀត ដើម្បីសម្រេចបាននូវលទ្ធផល និងអត្ថប្រយោជន៍ ជាអតិបរមាសម្រាប់សមាជិកទាំងអស់ ៕