ព័ត៌មានជាតិ

នគរបាលជាតិ៖ ការដាំដុះ ជួញដូរ ប្រើប្រាស់ និងដឹកជញ្ជូនគ្រឿងញៀន ឆ្លងកាត់ប្រទេសនៅតែមាន បើមិនបំបាត់ប្រភពហិរញ្ញវត្ថុ

ភំ្នពេញ៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានក្រុមការងារ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញទានភេវរកម្ម (បសប ហ.ភ) បានលើកឡើងថា ការដាំដុះ ការជួញដូរ ការប្រើប្រាស់ និងការដឹកជញ្ជូនគ្រឿងញៀន ឆ្លងកាត់ផ្សេងៗនៅតែមាន និងមិនមានការថយចុះគិតទាំងពិភពលោក និងតំបន់ដែលក្នុងនោះចំណុចមួយដែលសំខាន់ គឺពាក់ព័ន្ធហិរញ្ញវត្ថុ ហៅថា ហិរញ្ញទានគ្រឿងញៀន។ នេះបើយោងតាមការចេញផ្សាយ អគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសម្អាតប្រាក់ជុំទី៩ និងជុំទី១០ ផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទិន្នន័យថ្មី (Database System) និងទិសដៅការងារអនុវត្តបន្ត នាថ្ងៃទី១៣ មិថុនានេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានឲ្យដឹងថា «ការបង្ក្រាបតាមផ្លូវច្បាប់ ការចាប់ផ្តន្ទាទោសដោយមិនបាន បំបាត់ប្រភពហិរញ្ញវត្ថុនេះទេ គឺមិនអាចបង្ក្រាបបទល្មើស គ្រឿងញៀននេះបានទេ»។

លើសនេះ នាយឧត្តមសេនីយ៍ ក៏បានជំរុញឲ្យកងកម្លាំងនគរបាលទាំងអស់ ខិតខំបង្កើនសមត្ថភាពក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់ និងបានដាក់ទិសដៅការងារចំនួន ៤ចំណុចដូចខាងក្រោម ៖

១-បន្តស៊ើបអង្កេតករណីដែលនៅដក់សល់នៅជុំទី៩ ដើម្បីបិទបញ្ចប់សំណុំរឿង ឬបញ្ជូនសំណុំរឿង ទៅតុលាការឲ្យបានឆាប់រហ័ស។

២-បន្តស៊ើបអង្កេតករណីជុំទី១០ ដើម្បីបិទបញ្ចប់សំណុំរឿង ឬបញ្ជូនសំណុំរឿងទៅតុលាការ ឲ្យបានឆាប់រហ័ស។

៣-ធ្វើរបាយការណ៍ទៅប្រធានអង្គភាព លើករណីដែលសន្មត់ថា គ្មានសញ្ញាណសម្អាតប្រាក់ឲ្យបានឆាប់រហ័ស និងដាក់កាលបរិច្ឆេទតាមថ្ងៃ ដែលបញ្ជូនសំណុំរឿងទៅតុលាការ។

៤-ចងក្រងស្ថិតិករណីសម្អាតប្រាក់ នៅតាមបណ្តាស្នងការនគរបាលរាជធានី-ខេត្ត ដើម្បីគ្រប់គ្រងទិន្នន័យឲ្យបានច្បាស់លាស់។

បើតាមរបាយការណ៍អានដោយ លោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ស្ថិតិរបាយការណ៍ក្នុងជុំទី៩ ករណីគ្រឿងញៀនសរុបចំនួន ២១៤៨ករណី ក្នុងនោះ ៖ ករណីតូចតាចចំនួន ១៨៧៩ករណី, ករណីធម្មតាចំនួន ២៤០ករណី, ករណីធ្ងន់ធ្ងរចំនួន ២៩ករណី ហើយស្ថិតិដែលសន្មត់ថា គ្មានសញ្ញាណសម្អាតប្រាក់ចំនួន ១២០ករណី ៕

To Top