ព័ត៌មានជាតិ

រដ្ឋមន្រ្តីធនធានទឹក ទទួលជួប មន្រ្តីទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ AFD ប្រចាំកម្ពុជា

ភ្នំពេញ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២ បានអនុញ្ញាតឱ្យលោកស្រី Ophile BOURHIS នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ប្រចាំកម្ពុជា ដែលនឹងត្រូវចប់បេសកម្មការងារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ ចូលជួបជម្រាបលា និងលោកស្រី Sandrine Boucher នឹងត្រូវមកទទួលការងារជានាយិកាទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ AFD ថ្មីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ស្តីពីការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម នាទីស្ដីការក្រសួង ។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងធនធានទឹក និងឧតុនិយម សំដែងនូវការសោកស្តាយ ដែលបានទទួលដំណឹងថា លោកស្រី Ophile BOURHIS នឹងចប់បេសកម្មការងារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នាខែក្រោយនេះ ។ ទន្ទឹមនេះ ក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន ដែលលោកស្រី សម្រេចបានក្នុងអាណត្តិ បំពេញបេសកម្មនៅទីនេះ ជាពិសេស គឺការធ្វើឲ្យកាន់តែប្រសើរនូវ កិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ ដែលមានទំនាក់ទំនងល្អជាប្រវត្តិសាស្ត្រ យូរលង់មកហើយ និងសូមកោតសរសើរចំពោះការគាំទ្រ របស់រដ្ឋាភិបាលបារាំង តាមរយៈ AFD ចំពោះគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឃវិស័យធនធនទឹក ។

លោកស្រី Sandrine Boucher ដែលនឹងត្រូវមកទទួលការងារថ្មី នាពេលខាងមុខនេះ បានបង្ហាញនូវសេចក្តីរីករាយ ដោយបានជួបពិភាក្សាការងារ ដោយផ្ទាល់ជាមួយលោករដ្ឋមន្រ្តី នាពេលនេះ និងបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារ លើវិស័យធនធានទឹក និងឧតុនិយម ដែលក្រសួងសម្រេចបាន ក៏ដូចជាកិច្ចការបន្តដែលត្រូវអនុវត្ត ក្នុងបេសកកម្មរួមចំណែកដល់ការអភិវឌ្ឍ និងការរីកលូតលាស់ សេដ្ឋកិច្ចប្រទេសកម្ពុជា ឲ្យបានកាន់តែប្រសើរថែមទៀត និងបានបង្ហាញនូវការប្តេជ្ញាចិត្ត បន្តរួមចំណែកជួយ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវិស័យធនធានទឹក មានការវិវត្តន៍រីកចម្រើនតទៅមុខ ។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការដែល AFD ក៍ដូចជាសហគមន៍អឺរុប (EU) បាននឹងកំពុងគាំទ្រលើគម្រោងកម្មវិធី គ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្ម នៅប្រទេសកម្ពុជា (WAT4CAM) ជំហានទី ១ ដែលបានអនុវត្តកាលពីឆ្នាំ ២០១៩ លើការងារកែលំអ និងជួសជុលស្តារឡើងវិញនូវព្រែកចំនួន ១៥ ក្នុងខេត្តកណ្តាល បានបញ្ចប់ជាស្ថាពរ, ការងារសាងសង់ប្រព័ន្ធធារាសាស្ត្រកង្ហតប្លុក A+B ក្នុងខេត្តបាត់ដំបង ការងារសម្រេចបានប្រមាណ ៣០% និងការងារសាងសង់ប្រព័ន្ធធារាសាស្ត្រសករាជ និងអូរកំបោរ ក្នុងខេត្តព្រះវិហារ ការងារសម្រេចបានប្រមាណ ១១% នៃផែនការសាងសង់ ។ ជាមួយគ្នានេះ ៣ កិច្ចសន្យានៃអនុគម្រោង បានដេញថ្លៃរួចរាល់ និងកំពុងបន្តកិច្ចដំណើរការចុះហត្ថលេខា ហើយ ៦អនុគម្រោង កំពុងដំណើរការដេញថ្លៃ ។

ទន្ទឹមនឹងនេះដែរ ដើម្បីបន្តកិច្ចដំណើរការជំហានទី២ ភាគីទាំងពីរ បានផ្តោតលើការរៀបចំគម្រោងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រមួយចំនួន នៅក្នុងខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ បាត់ដំបង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កណ្តាល និងខេត្តកំពង់ស្ពឺ ៕

To Top