ភ្នំពេញ៖ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៥ដល់២១មិថុនា ខាងមុខនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ ពីតិចទៅច្រើន លាយឡំផ្គររន្ទះ ខ្យល់កន្ត្រាក់។
យោងតាមសេចក្តីជូនដំណឹង ស្តីពីការព្យាករណ៍ធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយនៅលើ ភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម។
ក្រសួងថាស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧អង្សាសេ។ បណ្តារាជធានីខេត្តនានា នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ក្នុងអំឡុងពេលជាមួយគ្នានោះ ក៏អាចមានផ្នែកនៃបណ្តាខេត្តខ្លះ មានភ្លៀងធ្លាក់ច្រើន។
ចំណែកបណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានមាន សីតុណ្ហភាពអប្បបរមា មានពី២៣-២៥អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្សាសេ។ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ដោយឡែកនៅតំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ និង សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្សសសេ។ នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម៕