នយោបាយ

គ.ជ.ប. ព្រមានចាត់វិធានការណ៍ច្បាប់ ចំពោះលោក សុន ឆ័យ ជុំវិញការបំភ្លៃព័ត៌មាន ពាក់ព័ន្ធការបោះឆ្នោត ឃុំ សង្កាត់

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប.) នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានព្រមានចាត់វិធានការណ៍ច្បាប់ ចំពោះលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ជុំវិញការបំភ្លៃព័ត៌មាន ពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅថ្មីនេះ។

យោងតាម សេចក្ដីថ្លែងការណ៍ របស់ គ.ជ.ប. បានឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្តទៅ ដោយរលូនដូចការគ្រោងទុក និងមានការទទួលស្គាល់ ទទួលយកលទ្ធផលពីគ្រប់ភាគី ព្រមទាំង មានការវាយតម្លៃខ្ពស់ ពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ថាការបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ បានប្រពឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសស្ងប់ស្ងាត់ សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង ហើយប្រជាពលរដ្ឋខ្មែរជាង ៨០% បានទៅបោះឆ្នោត សម្ដែងឆន្ទៈរបស់ខ្លួន គួរឱ្យកត់សម្គាល់។

ជាគោលការណ៍ច្បាប់ ស្តីពីការបោះឆ្នោត គ.ជ.ប បើកសិទ្ធិឱ្យគណបក្សនយោបាយ ប្ដឹងជុំវិញ ភាពមិនប្រក្រតីណាមួយ ដែលខ្លួនបានសង្កេតឃើញ នៅគ្រប់ដំណាក់កាល បោះឆ្នោត ពិសេសនៅថ្ងៃ បោះឆ្នោត និងរាប់សន្លឹកឆ្នោត។

ក្នុងន័យនេះ គ.ជ.ប មានយន្តការដាក់ ទទួលនិងដោះស្រាយ បណ្តឹងតាមឋានានុក្រម ពីថ្នាក់ឃុំ សង្កាត់ ថ្នាក់រាជធានី ខេត្ត និងថ្នាក់ គ.ជ.ប ជាពិសេសការប្តឹង ឬការដោះស្រាយពាក្យបណ្តឹងក្នុងដំណាក់កាល នៃការឃោសនាបោះឆ្នោត ដំណាក់កាលមួយថ្ងៃមុន ថ្ងៃបោះឆ្នោត និងដំណាក់កាលបិទផ្សាយ លទ្ធផលបណ្តោះអាសន្ន នៅឃុំ សង្កាត់ ដូចមានចែងក្នុង ច្បាប់បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាធរមាន ហើយគួរចៀសវាងថ្លែងជាការប្រមាថ បរិហារកេរ្ដិ៍ជាសាធារណៈ និងញុះញង់ ដែលអាចនាំឱ្យមានការ ចោទប្រកាន់ដូចមានចែង ក្នុងក្រមព្រហ្មទណ្ឌ ត្រង់មាត្រា៣០៥ និង ៣០៦ ពាក់ព័ន្ធនឹងបទបរិហារកេរ្ដិ៍ ជាសាធារណៈ ដូចជាតាមសម្តី ទោះជាប្រភេទណាក៏ដោយ ដែលបញ្ចេញនៅទី សាធារណៈ ឬនៅក្នុងសាលប្រជុំ និងការបរិហារកេរ្ដិ៍ ដែលប្រព្រឹត្តតាមសារព័ត៌មាន និងដែលត្រូវស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីរបបសារព័ត៌មាន។

បច្ចុប្បន្ននេះ គ្រប់យន្តការនៃ គ.ជ.ប បានទទួលពាក្យបណ្ដឹង និងកំពុងដោះស្រាយបណ្ដឹង រហូតដល់ចប់ មុននឹងប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥។

ទន្ទឹមនឹងនេះ នៅមានបុគ្គល ឬគណបក្សនយោបាយមួយចំនួនតូច នៅបន្តចោទប្រកាន់ និងរិះគន់ គ.ជ.ប ដោយគ្មានមូលដ្ឋាន។ ជាក់ស្ដែង លោក សុន ឆ័យ បាននិយាយដដែលជាដដែល ដូច ក្នុងកម្មវិធីនៃកិច្ចសម្ភាសន៍ ជាមួយសារព័ត៌មាន អនឡាញ Cambodia Daily កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ដោយដៃទទួលយកអាសនៈ រីឯមាត់ចោទថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ នេះ មិនត្រឹមត្រូវ និងមិនយុត្តិធម៌ ហើយលោកអះអាងទៀតថា ការដែលគណបក្សភ្លើងទៀន ទទួលយកអាសនៈ គឺជាការគោរពឆន្ទៈ អ្នកបោះឆ្នោត។ បើដូចនេះមែនលោក សុន ឆ័យ ក៏ត្រូវតែគោរព ឆន្ទៈរបស់ប្រជាពលរដ្ឋជាច្រើនទៀតដែរ ដែលមិនបានបោះឆ្នោត ឱ្យគណបក្សភ្លើងទៀន ហើយ ក សុន ឆ័យ ប្រាកដជាដឹងថានេះ ជាគោលការណ៍គ្រឹះ នៃលទ្ធិប្រជាធិបតេយ្យ ព្រមជាមួយគ្នានេះដែរ ការបោះឆ្នោតគឺជាស្នូល នៃលទ្ធិប្រជាធិបតេយ្យ។

លោក សុន ឆ័យ និយាយទៀតថា “លទ្ធផលនេះ មិនឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋទេ វាមានការបំភ័យ វាមានការទិញ វាមានការលួច បាននៅសល់ ប៉ុណ្ណឹង”។

ការថ្លែងបែបនេះ គ.ជ.ប មិនអាចទទួលយកបានទេ ហើយជាការមាក់ងាយ និងប៉ះពាល់ ដល់តម្លៃរបស់ម្ចាស់ឆ្នោតដែលបានអញ្ជើញទៅបោះឆ្នោត យ៉ាងច្រើនកុះករ និងធ្វើឱ្យប៉ះពាល់ដល់ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ គ.ជ.ប ដែលជាស្ថាប័នចែងក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងធ្វើឱ្យមាន ការភាន់ច្រឡំ និងបាត់ទំនុកចិត្ត លើការបោះឆ្នោត ដែលបានចែងក្នុងមាត្រា១៧១ នៃច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ ដែលនឹងត្រូវដាកពិន័យជាប្រាក់ពី ១០លានរៀលដល់២០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌ ផ្សេងទៀត។

ដើម្បីភាពស្អាតស្អំ ការរក្សាកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្ថាប័ន គ.ជ.ប នឹងចាត់វិធានការ តាមច្បាប់ ចំពោះការចោទប្រកាន់ទាំងឡាយណា ដែលផ្ទុយពីការពិត៕

To Top