ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានបើកប្រតិបត្តិការ បង្ក្រាបករណីជួញដូរ គ្រឿងញៀន ៤គោលដៅផ្សេងគ្នា ចាប់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសគ្រឿងញៀនជាង ៥៤គីឡូក្រាម ។
ជាក់ស្ដែងសមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន (ក៥) ដឹកនាំដោយលោកឧត្ដសេនីយ៍ទោ សាន សុទ្ធី, លោកឧត្តមសេនីយ៍ត្រី គឹម តូ នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ហាស់ សំអូន នាយរងការិយាល័យ(ក៥) ចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ សម្របសម្រួលដោយ លោក ស៊ិវង្ស សាវ៉ាត ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាប ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ៤គោលដៅផ្សេងគ្នាជាបន្តបន្ទាប់៖
គោលដៅទី១៖ នៅចំណុច ភ្លើងស្តុបកោសដូង ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងគ្រឿងញៀនហេរ៉ូអ៊ីន ៧គីឡូនិង២៦.២ក្រាម។
គោលដៅទី២៖ នៅចំណុច ផ្លូវ៣៤៥ ស្ថិតនៅក្នុងភូមិទំនប់ទី១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឃាត់រថយន្ត FORD RANGER ១គ្រឿង ជនសង្ស័យ១នាក់ និងមេតំហ្វេតាមីន(ICE) ៣២គីឡូនិង៩៦៣.៧ក្រាម, កេតាមីន១៣គីឡូជនិង៨ក្រាម។
គោលដៅទី៣៖ ឆែកឆេរផ្ទះជួល T ១០៧.៣. នៅចំណុច ផ្លូវលេខ២ ក្នុងបូរីកាំកូស៊ីធី សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ចាប់យកវត្ថុតាង មេតំហ្វេតមីន(ICE)៦៨៨.៨៦ក្រាម។
គោលដៅទី៤៖ ឆែកឆេរបន្ទប់ជួលលេខ១៨២៥ អាផាធឺមែនប៉ាវលី នៅ ផ្លូវលេខ១៣៩ សង្កាត់វាលវង្ស ខណ្ឌ៧មករា ចាប់យកវត្ថុតាង មេតំហ្វេតាមីន(ICE)៤១៧.៣៥ក្រាម, ថ្នាំគ្រាប់មេតំហ្វេតាមីន១៦៤.២១ក្រាម, ម្សៅកេតាមីន ២១២.៨៥ក្រាម និងម្សៅមិនច្បាស់១៩៣ក្រាម។
ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ ២នាក់៖ ១-ឈ្មោះ ប៉ាវ ជាំង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ចិន, ២-ឈ្មោះ ត្រាវ រិទ្ធារ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ។ ចាប់យកវត្ថុតាង៖ សារធាតុញៀន ៥៤គ.ក្រ ៤៨១.១៧ក្រាម និងសារធាតុមិនច្បាស់ ១៩៣ក្រាម, ហេរ៉ូអ៊ិន(HEROIN)ទម្ងន់ ៧ គ.ក្រ ២៦.២ក្រាម, មេតំហ្វេតាមីន((ICE)ទម្ងន់ ៣៤ គ.ក្រ ២៣៤.១២ក្រាម, កេតាមីន(KETAMINE)ទម្ងន់ ១៣ គ.ក្រ ២២០.៨៥ក្រាម, សារធាតុមិនច្បាស់ទម្ងន់ ១៩៣ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ បន្តតាមនីតិវិធី៕