ភ្នំពេញ៖ សម្តេចហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញ ដូសទី៥ នៅវិមានរដ្ឋសភាដែលរៀបចំ ដោយក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ។

ឆ្លៀតឱកាសនេះ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ទៅចាក់វ៉ាក់សាំងដូសជំរុញ ឱ្យបានគ្រប់គ្នាៗ ដើម្បីការពារជំងឺកូវីដ-១៩ ដោយសារជំងឺដ៏សាហាវនេះ នៅតែជាក្តីកង្វល់របស់មនុស្សជាតិនៅឡើយ។ សម្តេចបានសង្កត់ធ្ងន់ថា មានតែវ៉ាក់សំាងទេ ដែលអាចទប់ស្កាត់មិនឱ្យជំងឺនេះ ធ្លាក់ក្នុងសភាពធ្ងន់ធ្ងរបាន។ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ជនរួមជាតិបន្តអនុវត្តវិធានការសុខាភិបាល ដូចជា បីកុំ បីការពារ ឱ្យបានខ្ជាប់ខ្ជួនជាប្រចាំ ទោះបីគ្រប់ៗគ្នាទោះបាន ទទួលវ៉ាក់សំាងទំាងដូសមូលដ្ឋាននិងជំរុញហើយក្តី។
សម្តេចហេង សំរិន បានសម្តែងការកោតសរសើរ ចំពោះរាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងការពារអាយុជីវិត ប្រជាពលរដ្ឋ ជាពិសេសការអនុវត្តគោលនយោបាយ វ៉ាក់សាំងបានយ៉ាងជោគជ័យ នៅក្នុងនោះកម្ពុជាមិនខ្វះវ៉ាក់សំាង ចាក់ជូនពលរដ្ឋឡើយ ជាមួយផែនការច្បាស់លាស់ វែងឆ្ងាយទៅមុខទៀត ដូចជាការបង្កើតរោងចក្រផលិតវ៉ាក់សំាង នៅប្រទេសតែម្តង។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបណ្តាប្រទេសជាមិត្ត អង្គការដៃគូអភិវឌ្ឍន៍ទាំងឡាយ ដែលបានផ្តល់ជំនួយជាថវិកា វ៉ាក់សាំង និងឧបករណ៍វិទ្យាសាស្រ្តសុខាភិបាល ដល់កម្ពុជា ក្នុងការទប់ស្កាត់ ការពារអាយុជីវិត ប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ រហូតមក៕




Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
