នយោបាយ

គណបក្សប្រជាជនកម្ពុជា ប្ដឹងលោក សុន ឆ័យ ពាក់ព័ន្ធការបំភ្លៃលើដំណើរការបោះឆ្នោត ឃុំ-សង្កាត់ (Video)

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា បានសម្រេចប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដោយស្នើសុំឲ្យធ្វើការពិនិត្យ ដើម្បីផ្តន្ទាទោសតាមច្បាប់ ព្រមទាំងទាមទារសំណងជំងឺចិត្តចំនួន ៤.០០០.០០០.០០០រៀល ស្មើនឹង ១លានដុល្លារ ក្រោយពាក់ព័ន្ធការចោទប្រកាន់ និងបំភ្លៃជុំវិញដំណើរការបោះឆ្នោត ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

បណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជាបានធ្វើឡើងបន្ទាប់ពីលោក សុន ឆ័យ កាលពីថ្ងៃទី៧ មិថុនា ចូលរួមផ្ដល់បទសម្ភាសន៍ឲ្យសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ក្រោមប្រធានបទ «តើលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ មានភាពប្រក្រតី ឬមិនប្រក្រតីបែបណា?»។

យោងតាមពាក្សបណ្ដឹងរបស់ ក្រុមហ៊ុនមេធាវីកម្ពុជា នាថ្ងៃទី១៣ មិថុនា បានឲ្យដឹងថា សម្តីក្នុងបទសម្ភាសន៍ទាំងនោះ ត្រូវបានលោកមេធាវី គី តិច ចាត់ទុកជាអំពើទុច្ចរិត, បំភ្លៃខុសពីការពិត, ជាការផ្តល់ព័ត៌មានក្លែងក្លែង ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមូលបង្កាច់នាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត។

ជាងនេះទៅទៀត ក្នុងពាក្យបណ្តឹងនេះដែរ លោក មេធាវី គី តិច បានស្នើសុំឲ្យព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពិនិត្យចោទប្រកាន់ និងផ្តន្ទាទោសលើឈ្មោះ សុន ឆ័យ តាមបញ្ញត្តិច្បាប់ ព្រមទាំង ទាមទារសងសំណងជំងឺចិត្ត នៃការខូចខាតជូនគណបក្សប្រជាជនកម្ពុជា ចំនួន ៤.០០០.០០០.០០០រៀល។

សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប.) បានព្រមានចាត់វិធានការច្បាប់ ចំពោះលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ជុំវិញការបំភ្លៃព័ត៌មាន ពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅថ្មីនេះ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top