ព័ត៌មានជាតិ

៥ខែ ពន្ធដារ ប្រមូលចំណូល​ បានជាង ១ពាន់លានដុល្លារ

ភ្នំពេញ ៖ លោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា រយៈពេល ៥ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានចំនួន ៦ ៩៩៤.០៦ ប៊ីលានរៀល (ប្រមាណជា ១ ៧២៦.៩៣ លានដុល្លារ) ស្មើនឹង ៦១.២៥% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ ពន្ធដារ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូល ចំណូលពន្ធ ប្រចាំខែឧសភា និងសម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២២ ព្រមទាំងទិសដៅ សម្រាប់អនុវត្តបន្ដ របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ តាមប្រព័ន្ធវិដេអូ លោក គង់ វិបុល បានបញ្ជាក់ថា «សរុបរយៈពេល៥ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៦ ៩៩៤.០៦ ប៊ីលានរៀល (ប្រមាណជា ១ ៧២៦.៩៣ លានដុល្លារ) ស្មើនឹង ៦១.២៥% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ១ ៥២៦.៣០ ប៊ីលានរៀល (ប្រមាណជា ៣៧៦.៨៧ លានដុល្លារ) ស្មើនឹង២៧.៩៥%»។

លោក បន្ថែមថា សរុបជារួមសម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ បានរក្សាកំណើនក្នុងរង្វង់ ២៥% ទៅ ៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះពន្ធលើប្រាក់ចំណូល ២៥.៩៨% អាករលើតម្លៃបន្ថែម ២៦.៤២% ពន្ធលើប្រាក់បៀវត្ស ២៦.៣៨% អាករពិសេស ៣៣.៤១% និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ អចលនទ្រព្យ ៤៤.៣៨%៕

To Top