ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ នឹងអញ្ជើញ ចូលរួមអបអរសាទរខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅរក ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្មX16 ដែលស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ជាមួយនឹងការសម្ភោធនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីជូនដំណឹង ស្ដីពីការផ្អាកចរាចរណ៍បណ្តោះអាសន្នរយៈពេល ០១(មួយព្រឹក) ចំពោះក្រុមហ៊ុន ជញ្ជូនរថយន្តប្រភេទៗ (កុងតីន័រ) លើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីក្បាលស្ពានគីហ្សូណា ដល់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។