ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តាមរយៈក្រុមហ៊ុន Agrostudies Agriculture Capacity Building (Israel) បានស្នើទៅកាន់ភាគី អ៊ីស្រាអែល ជួយលើវិស័យកសិកម្មកម្ពុជា ដើម្បីឈានឆ្ពោះ ទៅរកលក្ខណ:ទំនើបកម្ម ។
ការស្នើនេះធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងាររវាងលោក វេង សាខុន ជាមួយលោក Yaron Tamir នាយកប្រតិបត្តិក្រុមហ៊ុន Agrostudies Agriculture Capacity Building (Israel) កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។
នៅក្នុងជំនួបនេះ លោក វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក Yaron Tamir ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) ក្នុងការអភិវឌ្ឍធនធានមនុស្ស លើវិស័យកសិកម្ម តាមរយ:ការផ្តល់ឱកាសឲ្យ និស្សិតកម្ពុជាឆ្នាំទី៣ បានទៅធ្វើកម្មសិក្សា នៅប្រទេសអ៊ីស្រាអែល តាំងពីឆ្នាំ២០០៨ រហូតមកទប់បច្ចុប្បន្នមានរយ:ពេល ១៤ឆ្នាំហើយ។ លទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ជូនចំពោះភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាលអ៊ីស្រាអែល តាមរយ:ក្រុមហ៊ុន Agrostudies ដែលផ្តល់ឱកាសឲ្យដល់និស្សិត ទៅធ្វើកម្មសិក្សានៅប្រទេសអីស្រាអែល រយ:ពេល១១ខែជារៀងរាល់ឆ្នាំ។
ឆ្លៀតក្នុងឱកាសនេះ លោក វេង សាខុន បានសំណូមពរ “ក្រុមហ៊ុនបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះ ឲ្យកាន់តែល្អប្រសើរ និងស្នើសុំបង្កើនចំនួននិស្សិត ឆ្លើយតបតាមតម្រូវការ ធនធានមនុស្ស ក្នុងវិស័យកសិកម្ម ដែលមាននិន្នាការកើនឡើង ជាលំដាប់ ដើម្បីឈានឆ្ពោះទៅធ្វើ ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា មានលក្ខណ:ទំនើបកម្ម ប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រប្រួលអាកាសធាតុ នរវានុវត្តន៍ និងចូលរួមចំណែកទ្រទ្រង់ ខឿនសេដ្ឋកិច្ចជាតិ”។
ជាការឆ្លើយតប លោកនាយកក្រុមហ៊ុន បានសម្តែងនូវទឹកចិត្ត សប្បាយរីករាយ និងថ្លែងអំណរគុណជូនចំពោះ លោករដ្ឋមន្រ្តី ដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ធ្វើឲ្យកម្មសិក្សាដែលមានអាយុ ១៤ឆ្នាំកន្លងមក ទទួលបានលទ្ធផល គួរឲ្យកត់សំគាល់។
ទាក់ទងនឹងសំណើរក្សា ឬបង្កើនចំនួននិស្សិត ឲ្យទៅធ្វើកម្មសិក្សានោះ លោកនាយកក្រុមហ៊ុន បានជម្រាបថានៅចុងខែនេះ ឬដើមខែកក្តដា លោកស្រីឯកអគ្គរដ្ឋទូតអ៊ីស្រាអែល នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ឆ្លៀតយកឱកាសនេះ លោកស្រី ក៏មានកម្មវិធីជួបជាមួយលោករដ្ឋមន្រ្តី នឹងជម្រាបជូនអំពីសំណើនេះ ដោយផ្ទាល់ផងដែរ៕