ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្តេជ្ញាយ៉ាងមុតមាំចំពោះការធានាឲ្យបានថា កុមារទាំងអស់នឹងរស់ក្នុងបរិយាកាសមួយប្រកបដោយភាពអំណោយផល ដល់ការលូតលាស់ សំដៅបញ្ចប់ឲ្យបានអំពើហិង្សាលើកុមារក្នុងគ្រប់ទម្រង់។
ក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំ ស្ដីពីដំណោះស្រាយ ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅឆ្នាំ២០២១ ផ្អែកតាមការវាយតម្លៃលើ ផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ ២០១៧-២០២១ ប្រទេសកម្ពុជា បាននិងកំពុងស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ ក្នុងការទប់ស្កាត់នឹងអំពើហិង្សាលើកុមារ។
សម្ដេចតេជោ បន្ដថា ជាទិសដៅទៅមុខ កម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងឲ្យកាន់តែសកម្មក្នុងការធានាថាកុមារមានសុវត្ថិភាពនៅគ្រប់ទីកន្លែង ដូចជា នៅផ្ទះ, សាលារៀន និងក្នុងសហគមន៍។
សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា «រាជរដ្ឋាភិបាលប្តេជ្ញាយ៉ាងមុតមាំចំពោះការធានាឱ្យបានថា កុមារទាំងអស់នឹងរស់នៅក្នុងបរិយាកាសមួយប្រកប ដោយភាពអំណោយផលដល់ការលូតលាស់ ព្រមទាំងទទួលបានការចិញ្ចឹមបីបាច់ និង កិច្ចការពារនានា សំដៅបញ្ចប់ឱ្យបានអំពើហិង្សាលើកុមារក្នុងគ្រប់ទម្រង់ និង សម្រេចឱ្យបាននូវការប្ដេជ្ញារបស់កម្ពុជា ក្នុងក្របខណ្ឌតំបន់ និង សកល តាមរយៈការអនុវត្តនូវផែនការ និង គោលនយោបាយជាតិនានា ដែលបានដាក់ចេញ»។
បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងនៅក្នុងប្រទេសនីមួយៗ, ការឈានទៅបញ្ចប់អំពើហិង្សាលើកុមារជារួមក៏តម្រូវឲ្យមានកិច្ចសហការជាសាកល ជាពិសេស ក្នុងបរិបទនៃការបន្តរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានបន្ទច់បង្អាក់នូវវឌ្ឍនភាពនៃ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ទាក់ទងទៅនឹងការបញ្ចប់អំពើហិង្សាលើកុមារ។
ឆ្លៀតឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក៏ផ្ដល់មតិយោបល់មួយចំនួន សំដៅឈានឆ្ពោះទៅបញ្ចប់អំពើហិង្សាលើកុមារជាសាកល ដូចជា ៖
១-លើកកម្ពស់ស្មារតីរួបរួមគ្នា និង ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ទាំងទ្វេភាគី និង ពហុភាគី ដើម្បីលើកស្ទួយសុខុមាលកុមារ និង កិច្ចការពារកុមារ, ជាពិសេសពង្រឹងយន្តការសម្របសម្រួលក្នុងចំណោមតួអង្គពាក់ព័ន្ធទាំងអស់ សំដៅចែករំលែកទិន្នន័យ និង ព័ត៌មានសំខាន់ៗ ដើម្បីចាត់វិធានការទាន់ពេល និង តឹងរ៉ឹងដាច់ខាត ចំពោះសកម្មភាពហិង្សាគ្រប់ទម្រង់លើកុមារ។
២-ជំរុញការប្តេជ្ញាចិត្តជាសាកល តាមរយៈការកៀរគរធនធាន ទាំងហិរញ្ញវត្ថុ និង មិនមែនហិរញ្ញវត្ថុ ដើម្បីគាំទ្រ និង ធានាចីរភាពនៃចលនាបញ្ចប់អំពើហិង្សាលើកុមារ ទាំងក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និង អង្គការអន្តរជាតិ ក៏ដូចជាតំបន់ដទៃទៀត
៣-ពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចគោលដៅនានា របស់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេស ចំណុចដៅ ១៦.២៖ ការបញ្ចប់រាល់ទម្រង់ទាំងអស់នៃអំពើហិង្សាលើកុមារនៅត្រឹមឆ្នាំ២០៣០៕