ភ្នំពេញ ៖ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក Bertrand LORTHOLARY ប្រធាននាយកដ្ឋានអាស៊ី និង អូសេអានី នៃក្រសួងកិច្ចការអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង ដែលបានអញ្ជើញមកបំពេញ ទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា ។
ក្នុងជំនួបនេះ មេបញ្ជាការ កងទ័ពជើងគោកកម្ពុជា បានលើកឡើងអំពីចំណងមិត្តភាព ជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ដោយរក្សាបាននូវ កិច្ចសហប្រតិបត្តិល្អ លើគ្រប់វិស័យ និងបានថ្លែងអំណរគុណចំពោះប្រទេសបារាំង និងប្រជាជនបារាំង ដែលកន្លងមកតែងបានគាំទ្រ ជួយជ្រោមជ្រែងកម្ពុជា ទាំងក្នុងដំណាក់កាលស្វែងរកសន្តិភាព និងក្នុងដំណើរការកសាងអភិវឌ្ឍប្រទេស ហើយនៅក្នុងស្ថានភាពវិបត្តិនៃជំងឺកូវីដ-១៩ កន្លងមកនេះ ប្រទេសបារាំងក៏បានជួយដល់កម្ពុជាក្នុងប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ តាមរយៈការឧបត្ថម្ភជាថវិកាដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលជាស្ថាប័ន ស្រាវជ្រាវ ដ៏សំខាន់មួយ នៅក្នុងកិច្ចការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។ ជាមួយគ្នានេះ នៅក្នុងវិស័យ ការពារជាតិវិញ កងទ័ពបារាំង ក៏បានដើរតួនាទី យ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាល និង ការកសាងសមត្ថភាពយោធិនកម្ពុជា នៅសាលានាយទាហានសកម្ម ត្មាតពង និងមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំង រក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC)។
ជាការឆ្លើយតប លោក Bertrand LORTHOLARY បានថ្លែងអំពីមនោសញ្ចេតនា និងចំណងផ្សារភ្ជាប់ដ៏ជិតស្និទ្ធ របស់លោកជាមួយ នឹងប្រទេសកម្ពុជា ខណៈដែលលោកធ្លាប់ជាកម្លាំង ថែរក្សាសន្តិភាពរបស់ប្រទេសបារាំង ដែលបំពេញបេសកកម្ម នៅកម្ពុជាកាលពី ៣០ ឆ្នាំមុន ក្នុងសម័យកាល UNTAC និងបានរំលេចថា ការណ៍នេះក៏អាចជាសក្ខីភាពមួយនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងបារាំង និងកម្ពុជា នៅក្នុងវិស័យសន្តិសុខ និងការពារជាតិ។ ហើយមកទល់សព្វថ្ងៃនេះ កិច្ចសហប្រតិបត្តិការដ៏ល្អនេះ ក៏នៅបន្តអនុវត្តរួមគ្នា ចាប់ជាប្រចាំ តាមរយៈការបណ្តុះបណ្តាល ធនធានមនុស្ស និងការឧបត្ថម្ភគាំទ្រ ដល់ការពង្រឹងសមត្ថភាព របស់កងទ័ពកម្ពុជាលើការងារ ថែរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការ សហប្រជាជាតិ។
ក្រៅពីនេះ ការពិភាក្សា ក៏បានផ្តោតផងដែរ លើស្ថានភាពវិវត្តន៍ថ្មីៗ នៃបញ្ហាសាកល និងតំបន់មួយចំនួន ដោយបានកត់សម្គាល់ អំពីសារៈសំខាន់ នៃការកសាងទំនុកចិត្ត ទៅវិញទៅមក ព្រមជាមួយនឹងសុឆន្ទៈនៃការពង្រឹង កិច្ចសហប្រតិបត្តិទ្វេភាគី និងពហុភាគី ដើម្បីចូលរួមចំណែកដោះស្រាយ បញ្ហាដែលកើតមាន និងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ៕