ភ្នំពេញ: នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ត្រី Mohamad Masudur Rahman អនុព័ន្ធយោធា នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ទទួលបន្ទុកកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងយ៉ាងហ្គូន ចូលជួបសំណេះសំណាល ណែនាំខ្លួន និងពិភាក្សាការងារ។
ក្នុងជំនួបនេះ មេបញ្ជាការ កងទ័ពជើងគោកកម្ពុជា បានរំឭកអំពីចំណងមិត្តភាព យូរលង់កម្ពុជា-បង់ក្លាដែស ចាប់តាំងពីឆ្នាំ១៩៧៣ និងការភ្ជាប់ទំនាក់ ទំនងការទូតផ្លូវការ ក្នុងឆ្នាំ១៩៩៣ ដែលពេលនោះបង់ក្លាដែស ក៏បានបញ្ជូនកងកម្លាំងមួកខៀវ មកបំពេញបេសកកម្មថែរក្សាសន្តិភាពនៅកម្ពុជា ហើយរហូតមកទល់ពេលនេះ ប្រទេសទាំងពីរនៅរក្សា បាននូវកិច្ចសហប្រតិបត្តិការល្អ ក្នុងវិស័យសក្តានុពលសំខាន់ៗជាច្រើន រួមមានជាអាទិ៍ ការបណ្តុះបណ្តាលធនធានមនុស្ស, ការអភិវឌ្ឍជនបទ, វិស័យទេសចរណ៍ និងកសិកម្ម ជាដើម។ ចំពោះវិស័យយោធា ថ្វីត្បិតតែកិច្ចសហប្រតិបត្តិការ ក្នុងផ្នែកនេះ នៅមានកម្រិតតិចតួច ប៉ុន្តែក្នុងអនាគតខាងមុខ គឺអ្វីៗនឹងមានភាពប្រសើរឡើង ដោយសារក្រសួងការពារជាតិនៃប្រទេសទាំងពីរ គ្រោងនឹងចុះហត្ថលេខារួមគ្នាលើអនុស្សារណៈ នៃការយោគយល់ទ្វេភាគី ដើម្បីជាការបើកច្រក ឱ្យមានកិច្ចសហប្រតិបត្តិការ កាន់តែទូលំទូលាយ។
ជាការឆ្លើយតប លោកអនុព័ន្ធយោធាបង់ក្លាដែស បានបង្ហាញនូវក្តីរីករាយ ចំពោះការបំពេញតួនាទី ក្នុងមុខតំណែងជាអនុព័ន្ធយោធា ទទួលបន្ទុកប្រទេសកម្ពុជា ដោយបានគូសបញ្ជាក់ អំពីការរំពឹងទុកខ្ពស់ និងការប្តេជ្ញាចិត្តខិតខំប្រឹងប្រែងសំដៅធ្វើយ៉ាងជំរុញ និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការយោធា ទ្វេភាគីកម្ពុជា-បង់ក្លាដែស ឱ្យមានកម្រិតឈានឡើង ស្របតាមសុឆន្ទៈ និងគោលការណ៍ របស់ថ្នាក់ដឹកនាំកងទ័ព នៃប្រទេសបង់ក្លាដែស ដែលបានផ្តល់សារៈសំខាន់ ចំពោះចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អ ជាមួយកងទ័ពកម្ពុជា៕