ព័ត៌មានជាតិ

សម្ដេចតេជោ ចង់ឃើញអាស៊ាន មានផែនការដេញថ្លៃធ្វើម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០៣៤ ឬ២០៣៨ (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញពីអារម្មណ៍ថា សម្តេចក្នុងនាមជាប្រធានអាស៊ាន ចង់ឃើញអាស៊ាន មានចក្ខុវិស័យ និងផែនការដេញថ្លៃធ្វើម្ចាស់ផ្ទៃ ការប្រកួតកីឡាបាល់ទាត់ពិភពលោក (FIFA World Cup) នៅឆ្នាំ២០៣៤ ឬឆ្នាំ២០៣៨ ។

ក្នុងឱកាសទទួល និងលើកពានរង្វាន់ បាល់ទាត់ពិភពលោកមកដល់កម្ពុជា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោបានថ្លែងថា «សម្រាប់ឆ្នាំ២០២២នេះ ក្នុងនាមខ្ញុំជាប្រធានអាស៊ាន ខ្ញុំចង់ឃើញអាស៊ានមានចក្ខុវិស័យ និងផែនការដេញថ្លៃ ធ្វើម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ពិភពលោក (FIFA World Cup) នៅឆ្នាំ២០៣៤ ឬ ២០៣៨ ដែលខ្ញុំនឹងពិនិត្យមើលលទ្ធភាព ស្នើសុំឲ្យបណ្ដាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានគាំទ្រ និងជំរុញគំនិតផ្តួចផ្តើមនេះ ឲ្យក្លាយជាការពិត»។

សម្ដេចតេជោបន្ដថា ជាក់ស្តែង ទ្វីបអាស៊ីទើបនឹងទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតបាល់ទាត់ពិភពលោក តែពីរលើកប៉ុណ្ណោះ ក្នុងឆ្នាំ២០០២ គឺកូរ៉េ-ជប៉ុន និងឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា ។

សម្ដេចតេជោបន្ថែមថា ទន្ទឹមនេះ អាស៊ានគួរពិចារណា លើការដាក់បេក្ខភាពដេញថ្លៃ សម្រាប់ឆ្នាំ ២០៣៤ ឬឆ្នាំ ២០៣៨ ដើម្បីបំពេញបន្ថែម គុណតម្លៃនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ និងកីឡាក្នុងសហគមន៍អាស៊ាន ឲ្យកាន់តែរឹងមាំ ជាមួយភាពសុខដុមរមនារវាងបណ្តាប្រទេស ជាសមាជិកតាមរយៈការទាញ យកកម្លាំងសេដ្ឋកិច្ចពិភពលោក មកបំពេញការខ្វះខាត របស់អាស៊ានពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដ៏មានឥទ្ធិពលនេះ៕

To Top