ព័ត៌មានជាតិ

អភិបាល ខេត្តកំពង់ចាម ៖ យុវជនម្នាក់ចាំបាច់ ត្រូវមានជំនាញ១ យ៉ាងតិច ដើម្បីបង្កើតឱកាសការងារ រកប្រាក់ចំណូលប្រចាំថ្ងៃ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា យុវជនម្នាក់ យ៉ាងតិចចាំបាច់ត្រូវមានជំនាញ១ ដើម្បីបង្កើតឱកាសការងារ រកប្រាក់ចំណូលប្រចាំថ្ងៃ ដោះស្រាយជីវភាព ។

លោកអភិបាលខេត្តបានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសប្រារព្ធទិវាជាតិ អប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ នៅវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម ។

ក្រៅពីបានអានសារលិខិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា យុវជន យើងបច្ចុប្បន្ន បន្ទាប់ពីបានប្រឡងជាប់ មធ្យមសិក្សាទុតិយភូមិរួច មិនសូវចាប់អារម្មណ៍អំពី សិក្សាជំនាញបច្ចេកទេស នោះទេ គឺពួកគាត់សម្លឹង ទៅរកកម្រិតមហាវិទ្យាល័យតែម្ដង ។ ដោយពួកគាត់មើលរំលងចំណេះជំនាញ បច្ចេកទេស ដែលចំណេះដឹងនេះ អាចរៀនរយៈពេលខ្លី អាចចេញទៅធ្វើការរកចំណូលប្រចាំថ្ងៃ និងធ្វើការរៀនបន្ថែម ដើម្បីពង្រីកមុខរបរ ផ្សេងៗទៀត ធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង ។

លោកអភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ណាស់ ក្នុងការកសាងនូវធនធានមនុស្ស គឺចាប់ផ្ដើមពីកម្រិតជំនាញ ដើម្បីបង្កើតនូវមុខរបរ ការងារ ក្នុងគោលបំណងលើកកម្ពស់នៅកម្រិតជីវភាព របស់ប្រជាពលរដ្ឋ ស្របពេលដែលប្រទេស យើងកំពុងមានការអភិវឌ្ឍន៍ ។

បើតាម លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានឱ្យដឹងថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម មានបណ្តុះបណ្តាលលើជំនាញដូចជា វិស្វកម្មអគ្គិសនី វិស្វកម្មអេឡិចត្រូចនិក វិស្វកម្មយន្តសាស្ត្ររថយន្ត វិស្វកម្មសំណង់ស៊ីវិល បរិក្ខារត្រជាក់ឧស្សាហកម្ម វិទ្យាសាស្ត្រកុំព្យូទ័រ និងមានជំនាញ ជាច្រើនទៀត ស្របតាមតម្រូវការទីផ្សារការងារ ។ ដោយវិទ្យាស្ថានបានបណ្តុះបណ្តាល ចាប់ពីកម្រិតវិញ្ញាបនបត្រ រហូតដល់កម្រិតបរិញ្ញាបត្រ (ដោយសិក្សាចាប់ពីមួយសប្តាហ៍ រហូតដល់៥ឆ្នាំ)។

លោកនាយកបន្តថា វិទ្យាស្ថានបានខិតខំលើកកម្ពស់ការបណ្តុះបណ្តាល និងការងារ ដើម្បីបង្កើនផលិតភាព និងភាពប្រកួតប្រជែង ដោយខិតខំស្វែងរកដៃគូ ដូចជារោងចក្រ សហគ្រាស ដើម្បីឲ្យសិស្ស និស្សិតចុះហាត់ការ ការងារ និងកម្មសិក្សា។ ជាពិសេសស្វែងរកការងារ ជូននិស្សិតក្រោយបញ្ចប់ការសិក្សា ស្របតាមជំនាញ និងសមត្ថភាពរបស់ សិស្ស និស្សិតផងដែរ ៕

To Top