ព័ត៌មានជាតិ

TVET DAY ឆ្នាំនេះ ជាកាលានុវត្តភាពថ្មីមួយទៀត ធ្វើឲ្យកម្ពុជា មានធនធានមនុស្ស ប្រកបដោយជំនាញ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានអះអាងថា TVET DAY ឆ្នាំនេះ នឹងក្លាយជាកាលានុវត្តភាព ដ៏ប្រសើរថ្មីមួយទៀត ក្នុងការធ្វើឲ្យកម្ពុជា ប្រែក្លាយជាប្រទេសមួយ សម្បូរធនធានមនុស្ស ប្រកបដោយកម្លាំង ពលកម្មជំនាញ ចំណេះដឹង សមត្ថភាព ជំនាញ សីលធម៌វិជ្ជាជីវៈ និងផលិតភាពខ្ពស់ ព្រមទាំងជាប្រទេស ដែលមានសក្តានុពល ក្នុងការទាក់ទាញ អ្នកវិនិយោគ ទាំងក្នុងនិងក្រៅស្រុក ជាពិសេសក្រុមហ៊ុនផលិតធំៗ មកវិនិយោគនាពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីរួមចំណែកបង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ។

ការលើកឡើងរបស់លោក អ៊ិត សំហេង ក្នុងឱកាសប្រារព្ធទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ “TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់” នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅមជ្ឍមណ្ឌលពិព័ណ៌ ពាណិជ្ជកម្មកោះពេជ្រ។

លោកបន្តថា ការរៀបចំទិវាជាតិនេះ ក្រៅពីផ្សព្វផ្សាយបង្កើនការយល់ដឹង អំពីសារសំខាន់ នៃវិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ក៏ណែនាំមុខជំនាញបច្ចេកទេស និងព័ត៌មានអាហារូបករណ៍ និងព័ត៌មានការងារ ជំរុញការផ្លាស់ប្តូរផ្នត់គំនិត របស់សិស្សានុសិស្ស យុវជន កម្មករនិយោជិត និងមហាជនទូទៅ ឲ្យមើលឃើញពីតម្លៃ និងងាកមកសិក្សា ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលទីផ្សារការងារកំពុង មានតម្រូវការខ្ពស់ ព្រមទាំងការធានា ជាមុនសឹងតែពេញលេញ ក្នុងការទទួលបានការងារធ្វើប្រកប ដោយប្រាក់ចំណូលល្អសមរម្យ។

លោកថា ទិវាជាតិ នាឆ្នាំនេះ បានធ្វើការតាំង បង្ហាញពីសមិទ្ធផល នវានុវត្តន៍ និង ការបង្កើតថ្មី ដែលមានភាពលេចធ្លោ ដោយការប្រើប្រាស់ ការច្នៃប្រឌិតនិងបច្ចេកវិទ្យាថ្មីៗ ដូចជាការបង្ហោះដ្រូន ជាក្រុមចំនួន ១៥០ , រ៉ូបូតដែលមានបញ្ញានិម្មិត(AI) កាន់តែខ្ពស់និងអាចទំនាក់ទំនងជាមួយមនុស្ស ដែលជាស្នាដៃផ្ទាល់របស់សិស្ស និស្សិតផ្នែកអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ។

លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា TVET អាចប្រែក្លាយក្តីសុបិន្តប្រជាពលរដ្ឋគ្រប់រូប ទទួលបានការសិក្សា ពេញមួយជីវិត ដោយមានប្រព័ន្ធឯកភាព អាចឆ្លងទៅ-មកបានដោយងាយស្រួល និងបើកឱកាសឲ្យអាចធ្វើការសម្រេចចិត្ត ក្នុងការធ្វើសិក្សានៅពេលណា ទីកន្លែងណា និងវិធីណាក៏បាន ស្របទៅតាមស្ថានភាពជាក់ស្តែង របស់ប្រជាពលរដ្ឋម្នាក់ៗ ៕

To Top