ភ្នំពេញ ៖ ក្នុងនាមជាកូនស្រីច្បងរបស់លោក កឹម សុខា ក្នុងការចេញមកការពារភាពស្អាតស្អំឪពុកខ្លួន គឺលោក កឹម សុខានោះ កញ្ញា កឹម មនោវិទ្យា បានចេញមកវាយប្រហារលោក សម រង្ស៊ី ដោយពាក្យសំដីធ្ងន់ធ្ងរគួរសមដែរ អំពីការផ្តាច់ទំនាក់ទំនង ឬសម្ព័ន្ធភាពជាមួយលោក សម រង្ស៊ី ។

ការចេញមកវាយប្រហារលោក សម រង្ស៊ីក៏ដូចជាមនុស្សជំនិតផ្សេងទៀតរបស់កញ្ញា ក្រោយពីបាត់មុខមួយរយៈធំមកនោះ បន្ទាប់ពីលោក កឹម សុខា ក្នុងសវនាការលើកទី៤៤ ក្នុងសំណុំរឿងក្បត់ជាតិ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានប្រកាសជាថ្មីម្តងទៀតនៅមុខតំណាងអយ្យការថា ខ្លួនមិនមែនជាមនុស្សតែមួយ ជាមួយលោក សម រង្ស៊ីទៀតទេ ពោរលែងមានការទាក់ទងគ្នាទៀតហើយ ។ ក្នុងសវនានោះ គឺតំណាងអយ្យការបានសួរដេញដោល ចំពោះសម្ព័ន្ធមេត្រីជាមួយលោក សម រង្ស៊ី ។

ក្នុងសំណេរប្រហែលមួយទំព័រ របស់កូនស្រីច្បងលោក កឹម សុខា ក្នុងហ្វេសប៊ុកនៅថ្ងៃ១៦ មិថុនា ដែលផ្ញើចេញពីបរទេសមកនោះ គឺកញ្ញា កឹម មនោវិទ្យាបានលើកឡើង ពីតំណាងអយ្យការក្នុងសាវនាការក្តី សួរលោក កឹម សុខាពាក់ព័ន្ធទៅនឹងលោក សម រង្ស៊ី ។
កញ្ញាបានលើកឡើង អំពីទំនាក់ទំនងរវាងលោក សម រង្ស៊ី និងលោក កឹម សុខាទៀតថា ចាប់តាំងពីសង្រ្គោះជាតិ កើតឡើងមកទល់ពេលដែលត្រូវបានរំលាយនៅឆ្នាំ២០១៧ គណបក្សសង្រ្គោះជាតិ ក៏ដូចជាបុគ្គលសម រង្សី ពុំបានបញ្ចេញទស្សនៈ ឬប្រព្រឹត្តជ្រុលនិយមឬខុសច្បាប់ឡើយ ដូច្នេះគ្មានមូលហេតុអ្វីដែល លោក កឹម សុខា មិនអាចរួមជាមួយ លោកសម រង្សី ក្នុងពេលនោះទេ ប៉ុន្តែអ្វីដែលលោក កឹម សុខា មិនគាំទ្រគឺជំហរនយោបាយលោក សម រង្សី មួយចំនួនក្រោយឆ្នាំ២០១៧ នៅពេលគណបក្សសង្រ្គោះជាតិត្រូវបានរំលាយបាត់ទៅហើយ ។

កញ្ញាថា ដោយសារលោក សម រង្ស៊ី និងក្រុមចាប់ផ្តើមមានទស្សនៈ ខុសពីលោក កឹម សុខា ចាប់តាំងពីលោកត្រូវបាន ជាប់ពន្ធនាគារមក ក្រុមនេះបានដើរចេញពី លោក កឹម សុខា បន្តិចម្តងៗ រហូតដល់ជាផ្លូវការនៅថ្ងៃ២៧ វិច្ឆិកា ឆ្នាំ២០២១ ជាស្ថាពរ។
បន្ថែមពីលើនេះទៀតកញ្ញា ឆ្លៀតវាយប្រហារលើក្រុមលោក សម រង្ស៊ីថា “លោកអ្នកខ្វះសច្ចភាព ខ្វះការទទួលខុសត្រូវ មើលងាយអ្នកគាំទ្រខ្លួន ដោយមិនទទួលថាខ្លួនជាអ្នកបោះបង់ វាយប្រហា ព្យាយាមកំចាត់និងដើរចេញពីលោក កឹម សុខា ដោយភាពឈ្នានីសគិតខ្លី។ យើងហ៊ានរិះគន់លោកអ្នកជាចំហរ យើងហ៊ានបង្ហាញកំហុសលោកអ្នក យើងមានសច្ចភាព យើងហ៊ាននិយាយ និងទទួលការពិត។ ការដែលលោកអ្នកគ្មានសច្ចភាពនេះហើយ ដែលធ្វើឲ្យយើងចែកផ្លូវគ្នាជាស្ថាពរ”៕
