DAP News

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត ចូលរួមពិធីសម្ពោធជាផ្លូវការ រោងចក្រដំឡើងរថយន្ត FORD ដំបូងគេបង្អស់ នៅព្រះរាជាណាចក្រកម្ពុជា របស់ក្រុមហ៊ុន RMA Cambodia

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីបើកសម្ពោធ ជាផ្លូវការនៃ រោងចក្រដំឡើងរថយន្ត FORD ដំបូងគេបង្អស់ នៅព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ជាច្រករបៀងសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ។ កម្មវិធីនេះ បានប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ។ កម្មវិធីសម្ពោធជាផ្លូវការនេះ ក៏មានវត្តមានអញ្ចើញចូលរួម ពីសំណាក់ថ្នាក់នាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និង ក្រុមហ៊ុន RMA Cambodia រួមទាំងភ្ញៀវកិត្តិយស ជាតិ-អន្តរជាតិ ជាច្រើន។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានថ្លែងអរគុណចំពោះក្រុមហ៊ុនអន្តរជាតិ RMA Group ជាក្រុមហ៊ុននាំមុខមួយ ក្នុងការផ្គត់ផ្គង់ ផលិតផល និងសេវាកម្ម ជូនដល់ប្រជាពលរដ្ឋ កម្ពុជា និងក្រុមហ៊ុន Ford Motor Company ជាក្រុមហ៊ុនដ៏ធំ របស់សហរដ្ឋអាមេរិក ដែលបានផ្តល់ ទំនុកចិត្ត ជ្រើសរើសប្រទេសកម្ពុជា ជាទីតាំងវិនិយោគ ក្នុងវិស័យឧស្សាហកម្មដំឡើង រថយន្តដើម្បីចែកចាយនៅលើទីផ្សារ ក្នុងស្រុកប្រកបដោយសក្តានុពល ដោយយោងទៅលើស្ថានភាព នៃការអភិវឌ្ឍរីកចម្រើន របស់ប្រទេសកម្ពុជា និងកំណើនជីវភាព របស់ប្រជាពលរដ្ឋដូចពេលបច្ចុប្បន្ន ។ លោកបានបញ្ជាក់ថា ការបង្កើតរោងចក្រដំឡើង រថយន្ត Ford នៅក្នុងទឹកដី នៃខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ជាពេលនេះ គឺជាមោទនភាពមួយ សម្រាប់អ្នកមូលដ្ឋាន នៅទីនេះ ក៏ដូចជាប្រជាជននៅទូទាំងប្រទេស ក្នុងការទទួលស្វាគមន៍ វត្តមានរបស់ឧស្សាហកម្មធុនធ្ងន់ ដ៏ទំនើបមួយនេះ ដែលពិតជាបានចូលរួមបង្កើនឱកាសការងារ និងកំណើន ប្រាក់បៀវត្សរ៍, ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលជំនាញ និង បែបបទស្តង់ការងារ លើគ្រប់កម្រិត ព្រមទាំងការផ្ទេរ បច្ចេកវិទ្យា ដោយការអនុវត្តការងារផ្ទាល់ នៅក្នុងខ្សែច្រវាក់ផលិតកម្ម ដោយមិនមែនត្រឹមតែជាការជំរុញ កំណើនសេដ្ឋកិច្ចជាតួលេខ មួយមុខនោះឡើយ ហើយទាំងនេះ ក៏សុទ្ធសឹងជាមូលដ្ឋាន ដើម្បីជាការត្រៀមខ្លួន ចូលរួមប្រកួតប្រជែងទាញ យកផលប្រយោជន៍ពីដំណើរ ការសេដ្ឋកិច្ចទីផ្សារសេរី នៅក្នុងចរន្តសាកលភាវូបនីយកម្ម និងការអភិវឌ្ឍសម្រាប់រយៈពេលវែងទៅមុខ ។

លោកម៉ាណែត ក៏បានរំលេចផងដែរថា រោងចក្រនេះ គឺជាគំរូនៃឱកាសជោគជ័យមួយ ដែលនឹងដើរ តួនាទី ជាអ្នកត្រួសត្រាយផ្លូវ និងលើកទឺកចិត្ត ដល់ការវិនិយោគ ទ្រង់ទ្រាយធំជាបន្តបន្ទាប់ទៀត ជាពិសេសការវិនិយោគនៅក្នុងវិស័យ យានយន្ត ក្នុងពេលអនាគតទៀត។ ក្នុងន័យនេះ លោកក៏បានអំពាវនាវ ដល់វិនិយោគិន ទាំងអស់ ឱ្យជ្រើសរើសយកកម្ពុជា ជាគោលដៅសម្រាប់ការវិនិយោគ ដោយយោងទៅលើអំណោយ ផលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ហើយរាជរដ្ឋាភិបាល ក៏នឹង បន្តទទួលស្វាគមន៍ និងផ្តល់កិច្ច សហប្រតិបត្តិការជានិច្ច ចំពោះគម្រោងវិនិយោគទាំងអស់ ជាពិសេសគម្រោងវិនិយោគ ដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់, ចីរភាព និងបរិយាបន្ន ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ នាពេលអនាគត។

ឆ្លៀតក្នុងឱកាសនោះ លោក ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងការទូត និងចំណងមិត្តភាព រវាងកម្ពុជា-សហរដ្ឋអាមេរិក ក្នុងរយៈពេលរាប់ទសវត្សរ៍កន្លងមកនេះ និងបានថ្លែងអំណរគុណ សហរដ្ឋអាមេរិក ចំពោះកិច្ចសហប្រតិបត្តិការល្អ ក្នុងវិស័យសំខាន់ៗជាច្រើន ជាពិសេសវិស័យ ពាណិជ្ជកម្ម-វិនិយោគ ដែលពិតជាបានផ្តល់នូវ ផលប្រយោជន៍ទៅវិញ ទៅមក សម្រាប់ប្រជាជនទាំងពីរ ។ មួយវិញទៀត ទំនាក់ទំនងទ្វេភាគីតាមរយៈវិស័យឯកជននេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ផងដែរ នៅក្នុងការបង្កើនទំនុកចិត្ត រយៈពេលវែងរវាងប្រទេស និងប្រជាជនទាំងពីរ ក៏ដូចជានិរន្តរភាព នៃការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា ។

យោងតាមប្រសាសន៍ របស់ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia រោងចក្រដំឡើងរថយន្ត FORD នេះ នឹងចូលរួមចំណែកអភិវឌ្ឍ វិស័យ ឧសហ្សាកម្មយានយន្ត និង ជំរុញសេដ្ឋកិច្ចជាតិតាមរយៈការបង្កើន ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ស្របតាមស្តង់ដារ អន្តរជាតិ ក្នុងសម័យ សាកលភាវូបនីយកម្ម បច្ចេកវិទ្យា។ ក្រុមហ៊ុន RMA Cambodia មិនត្រឹមតែផ្ដល់នូវឱកាសការងារ ជូនប្រជាពលរដ្ឋមូលដ្ឋាន ប្រមាណជាង ៥០០ កន្លែងប៉ុណ្ណោះទេ ប៉ុន្តែវត្តមាន របស់រោងចក្រនេះ ក៏បានចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច ក្នុងតំបន់តាមរយៈការជំរុញ សន្ទុះអាជីវកម្ម និងការបង្កើត ឱកាសការងារ ដោយប្រយោលផងដែរ ។ ក្រុមហ៊ុន RMA CAMBODIA មានវត្តមាននៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ក្នុងនាមជាអ្នកផ្ដល់ និងចែកចាយផ្តាច់មុខ នូវដំណោះស្រាយក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងដឹកជញ្ជូន សម្រាប់សហគ្រាសពាណិជ្ជកម្ម និងមិនមែនពាណិជ្ជកម្ម។ ទន្ទឹមនឹងការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រុមហ៊ុនបានពង្រីកអាជីវកម្មលើវិស័យយានយន្ត, កសិកម្ម, ឧបករណ៍ធុនធ្ងន់, ដំណោះស្រាយឧស្សាហកម្ម, សេវាកម្មហិរញ្ញវត្ថុ, សេវាកម្មជួលរថយន្ត, និងអាជីវកម្មម្ហូបអាហារ។ ក្រុមហ៊ុន RMA CAMBODIA បានទទួលសិទ្ធិផ្ដាច់មុខក្នុងការនាំចូលរថយន្តម៉ាក FORD, JAGUAR LAND ROVER, CHANGAN, រថយន្តធុនធ្ងន់ម៉ាក FUSO, គ្រឿងយន្តកសិកម្មម៉ាក JOHN DEERE, គ្រឿងចក្រឧស្សាហកម្មម៉ាក JCB, រថយន្ត និង ឧបករណ៍សម្អាតម៉ាក HAKO, ឧបករណ៍លើកដាក់ទំនិញម៉ាក TCM, ក្រុមហ៊ុន COMIN KHMERE ដែលជាក្រុមហ៊ុន ផ្ដល់ដំណោះស្រាយផ្នែកវិស្វកម្ម, ក្រុមហ៊ុនជួលរថយន្តម៉ាក AVIS និង Budget, ក្រុមហ៊ុនកង់បីអ៊ីតាលីម៉ាក Piaggio, ក្រុមហ៊ុនចំណីអាហារ EFG ដែលមានក្រុមហ៊ុន The Pizza Company, Swensen’s, Dairy Queen, Krispy Kreme, Bar B Q Plaza, The Coffee Club និងកម្មវិធីបញ្ជាទិញអាហារ Hungry App៕

To Top