ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំអាជ្ញាធរទប់ស្កាត់ និងបង្ក្រាបឲ្យទាន់ពេលរាល់ សកម្មភាពបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ នាំឲ្យជះឥទ្ធិពលមិនល្អដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់សង្គមជាតិ នាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គម្រប់ព្រះជន្ម ៨៦ យាងចូល ៨៧ ព្រះវស្សា ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។
យោងតាមសេចក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ សម្ដេច ស ខេង បានឲ្យដឹងថា អាជ្ញាធរត្រូវបង្កើនវិធានការសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឲ្យបានម៉ឺងម៉ាត់ នៅតាមបណ្តាគោលដៅ ប្រារព្ធពិធីបុណ្យ និងគោលដៅកំសាន្តសប្បាយរបស់ប្រជាពលរដ្ឋ ដូចជា៖ ទីវត្តអារាម ប្រាង្គប្រាសាទ បូជនីយដ្ឋាន រមណីយដ្ឋាន គោលដៅទេសចរណ៍នានា ដើម្បីរក្សានូវសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ និងរៀបចំចាត់ចែងអុជកាំជ្រួច នៅយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ដើម្បីអបអរសាទរ ទិវាដ៏ឧត្ដុង្គឧត្ដមនេះ។
សម្ដេចបញ្ជាក់ថា «ទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេល នូវរាល់សកម្មភាពដែលនាំឲ្យគ្រោះថ្នាក់ បង្កការភ័យខ្លាចដល់ ប្រជាពលរដ្ឋ នឹងនាំឱ្យជះឥទ្ធិពលមិនល្អដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់សង្គមជាតិ ដូចជា៖ សកម្មភាពក្មេងទំនើង អំពើហិង្សា ការប្រើប្រាស់អាវុធ គ្រឿងផ្ទុះគ្រាប់រំសេវ និងល្បែងស៊ីសងគ្រប់ប្រភេទ»។
សម្ដេចបន្ថែមថា អាជ្ញាធរត្រូវជំរុញរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងមានផែនការជាមុនក្នុងការរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍តាមបណ្ដាផ្លូវជាតិ ទីប្រជុំជន ដូចជាគោលដៅផ្សេងៗ ដែលមានមនុស្សប្រមូលផ្តុំ ដើម្បីរៀបចំរបៀបរៀបរយ សណ្ដាប់ធ្នាប់ កាត់បន្ថយបាននូវការកកស្ទះ និងគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ។
លើសពីនេះ សម្ដេច ស ខេង ក៏បានណែនាំបន្ថែមថា អាជ្ញាធរត្រូវយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋ ឲ្យមានស្មារតីប្រុងប្រយត្នចំពោះគ្រោះអគ្គិភ័យ គ្រោះមហន្តរាយ នានា ដោយរៀបចំកម្លាំង និងមធ្យោបាយត្រៀមបម្រុងប្រចាំការ ២៤/២៤ម៉ោង ដើម្បីសហការជួយសង្គ្រោះ ពេលមានអគ្គិភ័យ និងគ្រោះធម្មជាតិដែលកើតឡើងជាយថាហេតុ។ ជាពិសេស ត្រូវពង្រឹងបន្ថែមការងារប្រចាំបញ្ជាគ្រប់ថ្នាក់ និងត្រៀមកម្លាំងសម្រាប់ចេញអន្តរាគមន៍ ពេលមាន ហេតុការណ៍ចៃដន្យកើតឡើង និងត្រូវសហការជាមួយ បណ្ដាញព័ត៌មានសំខាន់ៗ ដើម្បីផ្តល់ព័ត៌មានទាន់ពេលវេលា ដូចជាការកកស្ទះចរាចរណ៍ ធ្វើឱ្យប្រជាពលរដ្ឋបានដឹងជាមុន ដើម្បីបង្វែរទិសចរាចរណ៍។ ជាមួយគ្នានេះ ត្រូវរៀបចំមន្ត្រីក្រោមឱវាទឱ្យ មានការផ្លាស់ប្ដូរវេនប្រចាំការ ៕