ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជា ឱ្យកងកម្លាំងមានសមត្ថកិច្ច ទាំងអស់ស្រាវជ្រាវ ឱ្យដល់ឫសគល់ និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកចរាចរណ៍ ជួញដូរ ប្រើប្រាស់ និងផ្តល់អាវុធដោយខុសច្បាប់។
ការដាក់បទបញ្ជានេះ ធ្វើឡើងបន្ទាប់ពីករណីបទល្មើសប្រើប្រាស់ អាវុធខុសច្បាប់ ការបង្ករបួសស្នាម និងក្មេងទំនើង នៅក្នុងក្រុងព្រះសីហនុ រហូតដល់សមត្ថកិច្ច បានទទួលរងរបួសស្នាម ក្នុងពេលកំពុងប្រតិបត្តិការបង្រ្កាបបទល្មើស។ លោកថា សភាពការណ៍មានការប្រែប្រួលបែបនេះ ហើយ ទើបតម្រូវឱ្យមានកិច្ចប្រជុំបន្ទាន់ ដើម្បីដាក់ចេញវិធានការ គ្រប់គ្រងសភាពការណ៍ឡើងវិញ។
ថ្លែងក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគនៅខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ លោក គួច ចំរើន បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា “គ្មានការលើកលែងជាដាច់ខាត ចំពោះអ្នកចរាចរណ៍ ជួញដូរ ប្រេីប្រាស់ និងផ្តល់អាវុធដោយខុសច្បាប់ ហេីយត្រូវស្រាវជ្រាវឱ្យដល់ឫសគល់ និងចាត់វិធានការតាមផ្លូវច្បាប់”
អភិបាលខេត្តព្រះសីហនុរូបនេះបន្ថែមថា ការធ្វើចរាចរណ៍ លក់ដូរ និងបញ្ចេញអាវុធដោយខុសច្បាប់ ទាមទារឱ្យយើងធ្វើការស្រាវជ្រាវ រកប្រភពដើម ដើម្បីឈានទៅបង្ក្រាបបានទាន់ពេលវេលា។
ក្នុងកិច្ចប្រជុំនេះ លោក គួច ចំរើន បានដាក់ចេញនូវបទបញ្ជា និងវិធានការដូចខាងក្រោម៖
១-គណៈបញ្ជាការក្រុងស្រុក ត្រូវរៀបចំគោលដៅបង្កើន ត្រួតពិនិត្យអាវុធ ចល័តគោលដៅ និងពេលវេលា ដើម្បីទប់ស្កាត់ការនាំចូលអាវុធពីខាងក្រៅ (មិនឱ្យដាក់ប៉ុស្តិ៍ជាដាច់ខាត)។
២-ស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត បន្តការត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅក្រុងព្រះសីហនុ និងល្បាតជាប្រចាំ ដោយពាក់អាវការពារខ្លួន ជៀសវាងគ្រោះថ្នាក់។
៣-ពង្រឹងការត្រួតពិនិត្យអាវុធ បើជួបករណីអាវុធដែលមិនមានលិខិត ស្នាមគ្រប់គ្រាន់តាមគោលការណ៍ នៃការគ្រប់គ្រងអាវុធ គឺត្រូវយកមកសួរនាំឱ្យបានច្បាស់លាស់។
៤-បន្តអនុវត្តចំពោះទីតាំងណា ដែលកើតមានការប្រើប្រាស់អាវុធ ហើយសមត្ថកិច្ចបង្រ្កាបបាន នៅទីតាំងនោះ គឺត្រូវអនុវត្តវិធានការរដ្ឋបាលឆែកឆេរ និងត្រួតពិនិត្យទីតាំងនោះទាំងអស់។