ភ្នំពេញ ៖ គណបក្សឆន្ទៈខ្មែរ ដែលមានលោក គង់ មុនីកា ជាប្រធាន និង លោក គង់ គាំ អតីតមនុស្សជំនិតរបស់មេបក្សប្រឆាំង លោក សម រង្ស៊ី ហើយបច្ចុប្បន្នជាប្រធានកិត្តិយសនៃបក្សនេះ បានអះអាងថា ប៉ូលនយោបាយពីរ នឹងបន្តនាំកម្ពុជា ឱ្យមានការប្រទាញប្រទង់ ដ៏ជ្រួលច្របល់ ដោយឥទ្ធិពលភូមិសាស្រ្តនយោបាយ របស់មហាអំណាច។
តាមរយៈសេចក្ដីថ្លែងការណ៍ គណបក្សឆន្ទៈខ្មែរ បានអះអាងថា បន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ គណបក្សឆន្ទៈខ្មែរ មើលឃើញថា កម្លាំងនយោបាយ ឬប៉ូលនយោបាយកម្ពុជា ចំពោះមុខមានពីរ គឺប៉ូល គណបក្សប្រជាជនកម្ពុជា ស្និទ្ធចិន (ជ្រុល) និងប៉ូល គណបក្សភ្លើងទៀន ស្និទ្ធសហរដ្ឋអាមសេរិក/អឺរ៉ុប (ជ្រុល)។
គណបក្សមួយនេះបន្តថា ផ្អែកលើបរិយាកាសនយោបាយ របស់ប្រទេសមួយចំនួន ពិសេសប្រទេសតូចតាច ទន់ខ្សាយ នៅលើពិភពលោក អាស៊ីប៉ាស៊ីហ្វិក អាស៊ីអាគ្នេយ៍ បានប្រកាន់ជំហរនយោបាយ មិនយកទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការជាមួយប្រទេសមួយ ទៅប្រឆាំងប្រទេសមួយទៀត និងមិនចង់ប្រកាន់ជំហរស្និទ្ធ តែមហាអំណាចម្ខាងៗទេ គឺចង់បានទំនាក់ទំនងល្អ ជាមួយមហាអំណាចទាំងពីរខាង។
គណបក្សឆន្ទៈខ្មែរ ដែលសម្គាល់ឃើញ «ទាំងនៅរយៈកាលកន្លងមក ទាំងនៅបច្ចុបប្បន្ន ប៉ូល នយោបាយគណបក្សប្រជាជនកម្ពុជា និងប៉ូលនយោបាយ គណបក្សភ្លើងទៀន នឹងនាំកម្ពុជាឱ្យមានការប្រទាញប្រទង់ ដ៏ជ្រួលច្របល់ ដោយឥទ្ធិពលភូមិសាស្រ្តនយោបាយ របស់មហាអំណាច ជាក់ជាមិនខាន»។
គណបក្សឆន្ទៈខ្មែរ យល់ឃើញថា កម្ពុជាដែលកំពុងបោះជំហានឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ខាងមុខ គួរមានប៉ូលនយោបាយ (ថ្មី) អាចបើកចំហរ ស្វាគមន៍ជានិច្ច ចំពោះបំណងបង្កើត បង្កើនកម្លាំងប៉ូលនយោបាយ (ថ្មី)នេះ ឱកយទូលំទូលាយខ្លាំងក្លា ឆាប់រហ័សបំផុតតាមដែលអាចធ្វើបាន។
ឆ្លៀតក្នុងឱកាសនេះ គណបក្សឆន្ទៈខ្មែរ សូមមជ្ឈដ្ឋានជាតិ អន្តរជាតិ ពិសេសប្រជាពលរដ្ឋ និងយុវជនកម្ពុជា ដែលជាម្ចាស់ជោគវាសនាអនាគតរបស់ខ្លួន និងរបស់មាតុភូមិខ្លួន ជួយគាំទ្រប៉ូលនយោបាយ (ថ្មី) គណបក្សនយោបាយ (ថ្មី) ឱ្យបានទូលំទូលាយខ្លាំងក្លា និងជោគជ័យដ៏ពិតប្រាកដ កុំបីខាន៕