ភ្នំពេញ ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា នាពេលថ្មីកន្លងមកនេះ មានជនខិលខូលមិនស្គាល់អត្តសញ្ញាណចូលលួចកាប់ដើមឈើពូជនប្រភេទគ្រញូងចំនួន៤ដើម ស្ថិតនៅភូមិសាស្ដ្រស្រុកស្វាយលើ និងស្រុកបន្ទាយស្រី ខេត្តសៀមរាប។
យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរកសិកម្មខេត្តសៀមរាប នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា “នាពេលថ្មីៗកន្លងមកនេះ មានជនខិលខូលមិនស្គាល់អត្តសញ្ញាណចូលលួចកាប់ដើមឈើពូជប្រភេទគ្រញូងចំនួន ៤ដើម ដែលមានអាយុកាលប្រមាណ ៥០ឆ្នាំមកហើយ ដែលជាបទល្មើសឧក្រិដ្ឋបង្កការបាត់បង់ទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋដ៏មានតម្លៃ នៅក្នុងចម្ការពូជឈើគ្រញូងដែលមានទំហំ ១ ៨៨០ហិកតា ស្ថិតនៅភូមិសាស្ដ្រស្រុកស្វាយលើ និងស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានគ្រប់គ្រង និងអភិវឌ្ឍន៍តាំងពីឆ្នាំ២០០១ ក្នុងគោលបំណងថែរក្សាជីវចម្រុះ អភិរក្សាធនធានសេនេទិចព្រៃឈើ តំបន់លំហែកំសាន្ដ និងសម្រាប់ស្រាវជ្រាវវិទ្យាសាស្ដ្រ”។
ដោយតំបន់នេះ មានសក្ដានុពលធនធានព្រៃឈើដ៏មានតម្លៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្គាល់ ជាតំបន់ស្ដារ និងអភិវឌ្ឍន៍ព្រៃឈើ តាំងពីឆ្នាំ២០១៦។
មន្ទីរកសិកម្ម ក៏អំពាវនាវចំពោះ សាធារណជនបានស្គាល់ ដឹងដំណឹង ពាក់ព័ន្ធនិងជនល្មើសហើយរាយការណ៍ និងផ្ដល់ព័ត៌មានដល់សមត្ថកិច្ច រហូតឈានទៅចាប់ជនល្មើសបាន មន្ទីរកសិកម្ម នឹងជូនរង្វាន់ជាប្រាក់ចំនួន ១ ០០០ដុល្លារ ៕