ខេត្តស្វាយរៀង៖ ការថ្លែងឡើងបែបនេះ ក្នុងឱកាសដែល លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងជាសមាជិកគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក អញ្ជើញចូលរួម ជាអធិបតីភាពបើកពិធីអប់រំ ផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពលើមធ្យោបាយធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ជូនអ្នកបើកបរដឹកកម្មករ និងកម្មករនិយោជិត” ដោយមានវត្តមានចូលរួមជាសហអធិបតី ពីលោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង។
ក្នុងឱកាសពិធីផ្សព្វផ្សាយខាងលើនេះដែរ លោកអគ្គនាយករង បានថ្លែងឡើង ពីក្ដីព្រួយបារម្ភយ៉ាងខ្លាំង ទន្ទឹមនឹងវិបត្តិនៃជំងឺកូវីដ-១៩ បានធូរស្រាល និងបានបើកដំណើរការឡើងវិញ លើគ្រប់វិស័យ ប៉ុន្ដែករណីគ្រោះថ្នាក់ចរាចរណ៍ បែរជានៅតែបន្តកើតឡើង ហើយវានៅតែជាកង្វល់ របស់រាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធដទៃទៀត ជាពិសេសករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើង ទៅលើបងប្អូនកម្មករនិយោជិត ដែលធ្វើដំណើរ តាមរថយន្តដឹកកម្មករនិយោជិត។
ជាមួយនឹងក្ដីបារម្ភខាងលើនេះដែរ លោកអគ្គនាយករង បានបញ្ជាក់ឱ្យដឹងថា៖ កន្លងមក ប.ស.ស. ដែលមានក្រុមការងារ ស.ផ.ក ជាសេនាធិការ តែងតែចុះផ្សព្វផ្សាយអប់រំច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់រោងចក្រ សហគ្រាស និងធ្វើបច្ចុប្បន្នភាពអ្នកបើកបរ រថយន្តដឹកកម្មករ និងកម្មករនិយោជិតដែលធ្វើដំណើរតាមរថយន្ត រ៉ឺម៉កម៉ូតូ ម៉ូតូ កង់ ថ្មើរជើង និងការប្រើប្រាស់មួកសុវត្ថិភាព ដោយផ្ទាល់ ព្រមទាំងធ្វើការជំរុញលើមធ្យោយបាយ ដឹកជញ្ជូនកម្មករនិយោជិត ដោយធ្វើការផ្លាស់ប្តូរពីរថយន្តដឹកទំនិញ មកប្រើប្រាស់រថយន្តដឹកអ្នកដំណើរសម្រាប់ដឹកកម្មករនិយោជិត និងបានសហការជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលមានភារកិច្ចលើការងារចរាចរណ៍ ក្នុងន័យបង្កើនការយល់ដឹង ទៅលើសុវត្ថិភាពក្នុងការធ្វើដំណើរ ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ ទៅលើករណីគ្រោះថ្នាក់ចរាចណ៍ផ្លូវគោក ឲ្យមកនៅកម្រិតទាបបំផុត។
លោកក៏បានថ្លែងឲ្យដឹងបន្ថែមថា៖ តាមរបាយការណ៍របស់ក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត នៅឆមាសទី១ ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងលើកម្មករនិយោជិត ចំនួន ១ ៦៧២ករណី ជនរងគ្រោះចំនួន ១ ៩១៩នាក់ (ស្លាប់ ៤៧នាក់ របួសធ្ងន់ ៥៦៧នាក់ និងរបួសស្រាល ១ ៣០៥នាក់) ក្នុងនោះគ្រោះថ្នាក់លើរថយន្តដឹកកម្មករនិយោជិតមានចំនួន ៥លើក របួសសរុប ១០៦នាក់ (របួសធ្ងន់ ១៦នាក់ និងរបួសស្រាល ៩០នាក់) មានការថយចុះ បើធៀបទៅនឹងឆមាសទី១ ឆ្នាំ២០២១ កន្លងទៅ។
ជាមួយគ្នានេះដែរ លោកអគ្គនាយករង ប.ស.ស. បានសម្តែងនូវការអរគុណ ក៏ដូចជាធ្វើការកោតសរសើរ ចំពោះស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ដែលតែងតែខិតខំប្រឹងប្រែង ចូលរួមគ្រប់សកម្មភាព ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ ដែលធ្វើឲ្យកម្មករនិយោជិតមានសុវត្ថិភាព ក្នុងការធ្វើដំណើរ ។
លោកអគ្គនាយករង ប.ស.ស. ក៏បានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីចូលរួមលើកកម្ពស់ សុវត្ថិភាពក្នុងការដឹកជញ្ជូនកម្មករនិយោជិត ដែលរួមមានអនុសាសន៍ដូចខាងក្រោម៖
– ជំរុញឲ្យបងប្អូនកម្មករនិយោជិត ដែលប្រើប្រាស់ម៉ូតូ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក (ពាក់មួកសុវត្ថិភាពជានិច្ច ត្រូវប្រកាន់ស្តាំជានិច្ច កុំវ៉ា ឬជែងគ្នា និងត្រួតពិនិត្យម៉ូតូឲ្យបានត្រឹមត្រូវ)
– ជំរុញឲ្យអ្នកបើកបររថយន្ត ប្រភេទដឹកទំនិញ ដែលដឹកកម្មករនិយោជិត ប្តូរមកប្រើប្រាស់ រថយន្តប្រភេទដឹកអ្នកដំណើរ
– ជំរុញឲ្យអ្នកបើកបររថយន្តប្រភេទ ដឹកទំនិញដែលដឹកកម្មករឈរ កែច្នៃឲ្យមានកៅអីអង្គុយ ស្របតាមលក្ខណៈបច្ចេកទេស
– ជំរុញឲ្យអ្នកបើកបរយករថយន្ត ដឹកកម្មករនិយោជិតទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស តាមច្បាប់កំណត់
– លើកកម្ពស់សមត្ថភាពអ្នកបើកបរ រថយន្តដឹកកម្មករនិយោជិត តាមរយៈការបំប៉ន ជំនាញបើកបររថយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការបើកបរយានយន្ត។
សូមបញ្ជាក់ថា៖ ពិធីផ្សព្វផ្សាយច្បាប់ ចរាចរណ៍ខាងលើនេះ ប្រព្រឹត្តទៅ ក្រោមការធ្វើបទបង្ហាញរបស់ លោក ព្រាប ច័ន្ទវិបុល ទីប្រឹក្សា ផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានក្រុមការងារ ស.ផ.ក នាព្រឹកថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសស្វាយរៀង ហ្គីហ្គារីសស៍ ខេត្តស្វាយរៀង ដោយមានការចូលរួមពីតំណាងស្ថាប័ន មន្ទីរ រោងចក្រ និងអង្គភាពពាក់ព័ន្ធនានា ព្រមទាំងមានការចូលរួមពីបងប្អូន អ្នកបើកបររថយន្ត ដឹកកម្មករនិយោជិត និងកម្មករ-កម្មការិនី សរុបប្រមាណជាង ៣០០នាក់៕