ព័ត៌មានជាតិ

លោក ប្រាក់ សុខុន បញ្ជាក់ប្រាប់នាយករដ្ឋមន្ត្រីឥណ្ឌា ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-ឥណ្ឌា និងកម្ពុជា-ឥណ្ឌា (Video)

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់ប្រាប់លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-ឥណ្ឌា និងកម្ពុជា-ឥណ្ឌា ។

ការបញ្ជាក់បែបនេះធ្វើឡើង ក្នុងឱកាសលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រួមជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ានដទៃទៀត បានចូលជួបសម្តែងការគួរសមជាមួយលោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា កាលពីថ្ងៃទី១៦ មិថុនា នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា ។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើជូនពរពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជូនចំពោះនាយករដ្ឋមន្រ្តីឥណ្ឌា និងបានរំលឹកអំពីកិច្ចសន្ទនា ប្រកបដោយផ្លែផ្កានាពេលថ្មីៗនេះ រវាងនាយករដ្ឋមន្រ្តីទាំងពីរ ។

ជាមួយគ្នានោះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះប្រទេសឥណ្ឌា ដែលបានគាំទ្រចំពោះតួនាទីរបស់កម្ពុជា ជាប្រធានអាស៊ាន ក្រោមមូលបទ «អាស៊ានរួមគា្នធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ៕

To Top