ព័ត៌មានជាតិ

រដ្ឋមន្រ្តីពាណិជ្ជកម្ម ស្នើក្រុមហ៊ុន Nestlé រួមគ្នាដោះស្រាយការព្រួយបារម្ភ របស់ពលរដ្ឋ លើបញ្ហាអាហាររូបត្ថម្ភ

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើឱ្យក្រុមហ៊ុន Nestlé Switzerland សហការជាមួយ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) រួមគ្នាដោះស្រាយ អំពីក្ដីព្រួយបារម្ភ របស់ប្រជាពលរដ្ឋ លើបញ្ហាអាហាររូបត្ថម្ភ (Nutrition) និងការដាក់សារធាតុអាហារ រូបត្ថម្ភក្នុងអាហារ (Fortifications) បញ្ហាសុវត្ថិភាពម្ហូបអាហារ និងការក្លែងបន្លំផលិតផល ជាដើម។

ការស្នើនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូ ធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Nestlé Switzerland ដែលមានទីតាំងនៅទីក្រុង Vevey ប្រទេសស្វីស ដើម្បីពិភាក្សាការងារ ផ្លាស់ប្ដូរព័ត៌មាន និងស្តាប់នូវបទបង្ហាញរបស់ក្រុមហ៊ុន ក្នុងការធ្វើប្រតិបត្តការអាជីវកម្មរបស់ខ្លួន លើទីផ្សារលើពិភពលោក ក៏ដូចជាទីផ្សារកម្ពុជា ព្រមទាំងដើម្បីស្វែងរកឱកាស វិនិយោគបន្ថែមទៀតនៅកម្ពុជា។

បន្ថែមពីនេះ លោក ប៉ាន់ សូរស័ក្តិ បានណែនាំឱ្យភាគីក្រុមហ៊ុន និងអគ្គនាយកដ្ឋាន ក.ប.ប. ពិនិត្យលទ្ធភាពក្នុងការរៀបចំជាអនុស្សានៈនៃការយោគយល់គ្នា (MOU) នាពេលខាងមុខផងដែរ។

ជាការឆ្លើយតប ភាគីតំណាងក្រុមហ៊ុន Nestlé Switzerland បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណចំពោះ វត្តមានរបស់ លោករដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចំពោះដំណើរទស្សនកិច្ចនៅក្រុមហ៊ុន Nestlé Switzerland នេះ ព្រមទាំងបានបង្ហាញពីការប្ដេជ្ញាចិត្ត សហការយ៉ាងជិតស្និត ជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការដោះស្រាយបញ្ហាខាងលើ ឱ្យមានប្រសិទ្ធភាពបំផុត។

សូមជម្រាបផងដែរថា ក្នុងឱកាសនោះ ក៏មានការធ្វើបទបង្ហាញពីភាគីក្រុមហ៊ុន អំពីការធ្វើប្រតិបត្តការអាជីវកម្មរបស់ខ្លួន លើទីផ្សារលើពិភពលោក ក៏ដូចជាទីផ្សារកម្ពុជា ផងដែរ ហើយតាមរយៈបទបង្ហាញនោះ ទីផ្សារកម្ពុជា ក៏ជាទីផ្សារមួយ ដែលមានការប្រើប្រាស់ ផលិតផល Nestlé ក្នុងទំហំគួរឱ្យកត់សម្គាល់ ដែលក្រុមហ៊ុនមានបំណង វិនិយោគបង្កើតរោងចក្រ នាពេលអនាគត ដ៏ខ្លីខាងមុខ៕

To Top