ព័ត៌មានជាតិ

ធនាគារជាតិ លើកទឹកចិត្តគ្រឹះស្ថានហិរញ្ញប្បទាន ផ្តល់ប្រាក់កម្ចីដោយយកចិត្តទុកដាក់ លើលទ្ធភាពសងត្រលប់ ជាជាងទ្រព្យធានា

ភ្នំពេញ៖ លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្តដល់គ្រឹះស្ថានហិរញ្ញប្បទានទាំងអស់ ឲ្យផ្តល់ប្រាក់កម្ចីដោយយកចិត្តទុកដាក់ លើលទ្ធភាពសងត្រលប់ ជាជាងទ្រព្យធានា។

ក្នុងវេទិកាសហគ្រិនស្ត្រី ស្តីពី «លទ្ធភាពទទួលបានហិរញ្ញប្បទាន និងទីផ្សារក្នុងការអភិវឌ្ឍអាជីវកម្មរបស់ស្រ្តី» នាពេលថ្មីៗនេះ លោក រ័ត្ន សុវណ្ណនរៈ បានថ្លែងថា សហគ្រិនត្រូវការលទ្ធភាព ទទួលបានសេវាហិរញ្ញប្បទាន ដើម្បីទ្រទ្រង់ និងពង្រីកអាជីវកម្មរបស់ខ្លួន ប៉ុន្តែត្រូវមានចំណេះដឹងផ្នែកហិរញ្ញប្បទាន ដើម្បីប្រើប្រាស់ប្រាក់កម្ចីប្រកបដោយប្រសិទ្ធភាព។

លោក ថ្លែងបញ្ជាក់ថា «ខ្ញុំសូមលើកទឹកចិត្តដល់ គ្រឹះស្ថានហិរញ្ញប្បទានទាំងអស់ ឲ្យផ្តល់ប្រាក់កម្ចីដោយយកចិត្តទុកដាក់ លើលទ្ធភាពសងត្រលប់ ជាជាងទ្រព្យធានា ដោយប្រើព័ត៌មានពីក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា)»។

ថ្លែងក្នុងព្រឹត្តិការណ៍នេះដែរ នាយិកាប្រចាំប្រទេសនៃអង្គការផេកកម្ពុជា និងជាប្រធានគ្រប់គ្រងគម្រោងសហគ្រិននារីសកម្ម លោកស្រី សាប៊ីន យ៉ៅគ្គឺស (Sabine Joukes) បានសង្កត់ធ្ងន់ថា សហគ្រិនស្ត្រី ត្រូវការការគាំទ្រជាបន្តបន្ទាប់ចាប់ពី ការទទួលបានព័ត៌មានរហូតដល់ទីផ្សារ ដើម្បីពួកគាត់អនុវត្តចំណេះដឹង អាជីវកម្មរបស់ពួកគាត់ និងចូលរួមក្នុងទីផ្សារដែលរីកចម្រើន និងប្រកួតប្រជែងយ៉ាងឆាប់រហ័ស។

ដោយឡែក លោកស្រី គង់ សូរីតា អនុរដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី បានឲ្យដឹងថា វេទិកាថ្ងៃនេះ គឺជាឱកាសសម្រាប់សហគ្រិនស្ត្រី ក្នុងការពង្រឹងសមត្ថភាព ជាពិសេសទទួលបានព័ត៌មាន ច្បាស់លាស់អំពីដំណើរការកម្ចី សម្រាប់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផល និងការចុះបញ្ជីអាជីវកម្ម។

លោកស្រី បានបន្តទៀតថា ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងសមាគម អង្គការក្រៅរដ្ឋាភិបាល ជាពិសេសសហគ្រិនស្ត្រីផ្ទាល់ គឺជាភារកិច្ចចាំបាច់ចម្បង ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ។

សូមរំលឹកថា ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមប្រមាណ ២00 នាក់ រួមមាន៖ តំណាងពីរដ្ឋាភិបាល វិស័យឯកជន ស្ថាប័នហិរញ្ញវត្ថុអង្គការក្រៅរដ្ឋាភិបាល និងសហគ្រិននារីវ័យក្មេង នៅក្នុងសហគ្រាសធុនតូច និងមធ្យម។ វេទិកានេះ ផ្តល់ឱកាសសម្រាប់ស្ត្រីម្ចាស់អាជីវកម្ម ក្នុងការទទួលបានព័ត៌មាន និងដំណោះស្រាយបញ្ហាអាជីវកម្ម លើការផលិតផល និងសេវាកម្ម ខណៈពេលដែលជំរុញឱកាសអាជីវកម្ម សម្រាប់ការបង្កើតបណ្តាញអាជីវកម្ម។ បន្ថែមពីលើនេះ វេទិកានេះ បំផុសការពិភាក្សាជុំវិញអក្ខរកម្មឌីជីថល និងការចុះបញ្ហាអាជីវកម្ម សម្រាប់ការការពារអាជីវកម្មស្របច្បាប់ផងដែរ៕

To Top