ព័ត៌មានជាតិ

តុលាការឧទ្ធរណ៍ ជម្រះបណ្តឹងចិនតៃវ៉ាន់៣នាក់ ជាប់ពាក់ព័ន្ធនឹងការ ផលិត រក្សាទុក និងដឹកជញ្ជូន ជួញដូរគ្រឿងញៀន ជាង២តោន នៅកម្ពុជា

ភ្នំពេញ: ជនជាប់ចោទចិនតៃវ៉ាន់ ចំនួន៣នាក់ កាលពីថ្ងៃសុក្រ ទី ១៧ ខែ មិថុនា ឆ្នាំ ២០២២ ត្រូវបានសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានធ្វើការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់ ពួកគេ ដែលត្រូវបាន តុលាការថ្នាក់ក្រោម កាត់ទោស ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ អស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងការ ផលិត រក្សាទុក និង ដឹកជញ្ជូនជួញដូរគ្រឿងញៀន ប្រមាណជាង២តោន ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងឆ្នាំ ២០១២ ដល់ ឆ្នាំ ២០២១ ។

លោក សួស សំអាត ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា ជនជាប់ចោទ ៣នាក់មាន ឈ្មោះ ៖ ទី ១-ឈ្មោះ YE YONG ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មាន មុខរបរមុនចាប់ខ្លួន ជាមេការគ្រប់គ្រងទីតាំងកៃច្នៃគ្រឿងញៀន ។ ទី ២-ឈ្មោះ YE YAN SHOU ភេទប្រុស អាយុ៥៨ឆ្នាំ ជាជនជាតិចិន ចូលសញ្ជាតិខ្មែរ (ជាមេខ្លោង ជួញដូរគ្រឿងញៀន) ។ និង ទី ៣- ឈ្មោះ LEE POHAN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ បុគ្គលក្រុមហ៊ុនចិន។

លោកចៅក្រមសំអាត បានថ្លែងថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទទាំង៣នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃ ទី៣១ ខែ មីនា ឆ្នាំ ២០២២ កាត់ទោស ដាក់ពន្ធនាគារ ម្នាក់ៗ កំណត់ អស់មួយជីវិត និង ពិន័យ ក្នុងម្នាក់ៗ ចំនួន ៨០លានរៀល សម្រាប់បង់ចូលថវិការដ្ឋ។

ពួកគេត្រូវបានជាប់ចោទពីបទ: ផលិត រក្សាទុកដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និង សំអាតប្រាក់ មាត្រា៤០ មាត្រា ៤៧ មាត្រា៤៨ និងមាត្រា៣៨នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។

តែពួកគេបានប្តឹងមកឧទ្ធរណ៍។

ពួកគេទាំង៣នាក់ ត្រូវបានចាប់ឃាត់ខ្លួន ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលរាជធានី-ខេត្តចំនួន៤ រួមមាន រាជធានីភ្នំពេញ, ខេត្តកំពង់ស្ពឺ , ខេត្តកោះកុង និងខេត្តព្រះសីហនុ កាលពីថ្ងៃទី ១២ ខែ ឆ្នាំ ២០២១។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ច ដកហូតបាន គ្រឿងញៀន ប្រភេទកេតាមីន ចំនួន ២២៣៧ គីឡូក្រាម (ជាង២តោន) និង សារធាតុគីមីផ្សំ៨៤តោន ផ្សេងទៀត។

សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា សំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០២២ ខាងមុខនេះ ៕

ដោយ: លីហ្សា

To Top