ភ្នំពេញ៖ អនុប្រធានគណបក្សប្រជាជនកម្ពុជា លោកស្រី ម៉ែន សំអន បានក្រើនរំលឹកដល់ សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា នៅប្រទេសបារាំង ត្រូវថែរក្សានូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ ដាច់ខាតមិនឱ្យក្រុមប្រឆាំងណាមកបំផ្លាញ ទោះបីជាត្រូវបង់ក្នុងតម្លៃណាក៏ដោយ។
ការក្រើនរំលឹកនេះ ធ្វើឡើងនៅក្នុងឱកាសលោកស្រី អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួប៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨-មិថុនា-១៩៥១ ដល់ ២៨-មិថុនា-២០២២) នៅទីក្រុងប៉ារី ប្រទេសបារាំង កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ។
ថ្លែងក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន ក៏បាននាំនូវការផ្តាំ ផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ បងប្អូនជនរួមជាតិខ្មែរដែលរស់នៅប្រទេសបារាំងទាំងអស់ និងអ្នកដែលកំពុងមានវត្តមាននៅទីនេះ ប្រកបដោយមនោសញ្ចេតនា ស្រឡាញ់រាប់អាន និងការនឹករលឹកដ៏ជ្រាលជ្រៅបំផុត។
លោកស្រីបន្តថា ការរៀបចំពិធី “អបអរសាទរខួប លើកទី៧១ នៃថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា” គឺបានប្រារព្ធមុនចំនួន ១២ថ្ងៃ នៃថ្ងៃកំណើតផ្លូវការ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ។ ពិធីនេះរៀបចំឡើងក្នុងន័យ ចងចាំជានិច្ចនូវគុណបំណាច់ របស់គណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូលះបង់គ្រប់បែបយ៉ាង និងបង្ហាញឱ្យឃើញពីការចូលរួមដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការរួមចំណែកទាមទារឯករាជ្យ ពីអាណានិគមបារាំងក្រោយបង្កើតឡើង នៅឆ្នាំ១៩៥១។ ជាពិសេស គឺគុណតម្លៃដ៏ធំធេងរបស់បក្សក្នុងការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រឹងប្រែងស្វះស្វែងរកសុខសន្តិភាព បិទបញ្ចប់ភ្លើងសង្គ្រាម តាមនយោបាយ ឈ្នះ ឈ្នះ និងការស្តារ អភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនដូចពេលបច្ចុប្បន្ន ។
លោកស្រី ក៏បានរំលឹកដល់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់លំដាប់ថ្នាក់នៃប្រទេសបាំរាំង ត្រូវការប្រកាន់ជំហដ៏ម៉ឹងម៉ាត់ក្នុងការថែរក្សានូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ ដែលកម្ពុជាប្រឹងប្រែង រកបានដោយលំបាកបំផុតនេះ មិនឱ្យក្រុមប្រឆាំងជ្រុលនិយមដែលក្បត់ នឹងផលប្រយោជន៍ជាតិ និងប្រជាជន ឬមជ្ឈដ្ឋានអគតិនៅខាងក្រៅណា មកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ ក្នុងតម្លៃណា ក៏ដោយនោះ៕