ព័ត៌មានជាតិ

សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ(TYDA) ចុះព្យាបាលកងទ័ព គ្រួសាកងទ័ព និងប្រជាពលរដ្ឋនៅយោធភូមិភាគទី៤

សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA) ចុះព្យាបាលកងទ័ព គ្រួសាកងទ័ព និងប្រជាពលរដ្ឋនៅយោធភូមិភាគទី៤ ស្ថិតនៅក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានការចូលរួម ជាមួយអាជ្ញាធរដែនដី ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកប្រាសាទបាគង យុវជន សសយក និស្សិតសមាគមអាហារូបករណ៍ អ.ម.ត និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀត នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។

លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ(TYDA) តំណាងដ៏ខ្ពង់ខ្ពស់លោក បណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោកហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី តែងតែគិតគូរសុខទុក្ខចំពោះសុខភាព និងការរស់នៅរបស់កងទ័ពគ្រួសារកងទ័ព និងបងប្អូនប្រជាពលរដ្ឋ និងតែងតែបង្កលក្ខណៈងាយស្រួល ក្នុងការព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព ប្រជាពលរដ្ឋដល់ទីកន្លែង ព្រមទាំងបញ្ជូនប្រជាពលរដ្ឋ ដែលមានករណីធ្ងន់ធ្ងរ មកព្យាបាលនៅរាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភទាំងស្រុង របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក បណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី និងក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ។

លោកឧត្តមសេនីយ៍ទោ សុក រីនណា មេបញ្ជាការរង និងជានាយសេនាការយោធភូមិភាគទី៤ ជំនួសមុខមកឲ្យកងទ័ពគ្រួសារ កងទ័ពនិងប្រជាពលរដ្ឋ នៅតំបន់យោធភូមិភាគទី៤ សូមគោរពថ្លែងអំណរគុណ សកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោ(TYDA) ដែលមានលោកបណ្ឌិតហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធាន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម បានឱ្យក្រុមការងារគ្រូពេទ្យចុះពិនិត្យព្យាបាល ជូនដល់កងទ័ពគ្រួសារកងទ័ព និងប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅយោធភូមិភាគទី៤ នៅថ្ងៃនេះ។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគមTYDA ដែលចុះព្យាបាលកងទ័ព គ្រួសាកងទ័ព និងប្រជាពលរដ្ឋនៅយោធភូមិភាគទី៤ បានព្យាបាលប្រជាពលរដ្ឋសរុបចំនួន៣៧៥២ករណី និងមានករណីធ្ងន់ធ្ងរចំនួន៣០ត្រូវបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ ដែលការព្យាបាល និងការចំណាយទាំងអស់ ក្រោមការឧបត្ថម្ភថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕

To Top