ព័ត៌មានជាតិ

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាព ជនបង្គោលយេនឌ័រ តាមអង្គភាព

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពជនបង្គោល យេនឌ័រតាមអង្គភាព ក្រោមឱវាទក្រសួង ។

លោកស្រី ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ ក្រសួងការងារ បានលើកឡើង ក្នុងវគ្គបណ្តុះបណ្តាលនោះ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភានេះ ផ្តោតការយកចិត្តទុកដាក់ ជាពិសេសទៅលើសារៈសំខាន់ របស់ស្រ្តី ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រីថា ជាក់ស្តែងរាជរដ្ឋាភិបាលមាន “យុទ្ធសាស្រ្តចតុកោណ” ដែលបានកំណត់នូវគោលដៅ នៃការជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារ ជូនពលករកម្ពុជាឲ្យបានពេញលេញ ការលើកស្ទួយសមធម៌ និងយុត្តិធម៌សង្គម ព្រមទាំងការពង្រឹងប្រសិទ្ធភាព ក្នុងវិស័យមុខងារសាធារណៈ។ តាមរយៈការអនុវត្តកម្មវិធីកែទម្រង់ផ្សេងៗ ដែលមានលក្ខណៈស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ក្នុងយុទ្ធសាស្រ្តនេះក៏បានគូសបញ្ជាក់ច្បាស់ថា “ស្រ្តីគឺជាឆ្អឹងខ្នង” នៃសេដ្ឋកិច្ច និងសង្គមជាតិយើង។

លោកស្រីបន្តទៀតថា តាមរយៈយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលបានផ្តោតទៅលើការធ្វើឲ្យមានសមភាពយេនឌ័រនៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមតាមរយៈការ កសាងសមត្ថភាពស្ត្រី ការកែប្រែឥរិយាបថសង្គម ដែលមានការរើសអើងចំពោះស្ត្រី និងការធានាសិទ្ធ និងឱកាសទទួល បានការថែទាំសុខភាព ការអប់រំ ការបណ្តុះបណ្តាលមុខ ជំនាញ ការទទួលបាន ធនធានសេដ្ឋកិច្ច និងឱកាសចូលរួមប្រាស្រ័យ ដោយស្មើភាពក្នុងកិច្ចការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក៏ដូចជាការទទួល បានកិច្ចការពារតាមផ្លូវច្បាប់ ប្រកបដោយយុត្តិធម៌ ដើម្បីស្ត្រី អាចជៀសផុតពីហិង្សា ការជួញដូរ ការរំលោភសេពសន្ថវៈ និងរាល់ទម្រង់ដ៏ទៃទៀត នៃអំពើហិង្សា៕

To Top