ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងអ្នកពាក់ព័ន្ធត្រូវធ្វើការពិចារណារ ធ្វើមាតុភូមិនិវត្តន៍ នៃអដ្ឋិធាតុយុទ្ធជនរបស់កម្ពុជា ចំនួន៤៩រូប ពីប្រទេសវៀតណាម មកតម្កល់ទុកនៅតំបន់ ប្រវត្តិសាស្ដ្រ យោធា តេជោកោះថ្ម X16 ក្នុងស្រុកមេមត់វិញ ។
កាលពីអតីតកាលវៀតណាម បានផ្តល់ដីមួយកន្លែង ក្នុងទឹកដីវៀតណាម សម្រាប់តម្កល់អដ្ឋិធាតុយុទ្ធជន របស់កម្ពុជា ចំនួន៤៩រូប ដែលបានពលីជីវិត ដោយសារពេលនោះសម្តេច រកក្រុមគ្រួសារពួកគេមិនឃើញ ក៏តម្កល់នៅវៀតណាមតែម្តង។
នាឱកាសអញ្ជើញប្រារព្ធខួបលើកទី៤៥ ទិវានៃការចងចាំ ដំណើរឆ្ពោះទៅការផ្ដួល រំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ដ្រយោធា តេជោកោះថ្ម X16 ក្នុងភូមិសាស្ដ្រភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូឃ្មុំ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា ការយកអដ្ឋិធាតុយុទ្ធជន៤៩នាក់ របស់កម្ពុជា មកតម្កល់ទុកតំបន់ X16 ដើម្បីប្រគល់ដី ឲ្យទៅវៀតណាមវិញ ។
សម្ដេចតេជោមានប្រសាសន៍ថា «វៀតណាម បានផ្ដល់ដីឲ្យយើង រក្សាអដ្ឋិធាតុយុទ្ធជន របស់ខ្ញុំ៤៩នាក់ នៅក្នុងប្រទេសវៀតណាម ខ្ញុំមិនអាចរកក្រុមគ្រួសារ នេះបានទេ ខ្ញុំត្រូវផ្ញើអដ្ឋិធាតុនេះ ក្នុងទឹកដីវៀតណាម ។ ឥឡូវនេះ សម្ដេច ឯកឧត្តម ធ្វើការពិចារណា គួរមាតុភូមិនិវត្តន៍នៃអដ្ឋិធាតុទាំងនោះ ត្រឡប់មកកាន់កម្ពុជាវិញ ដោយយកតំបន់ប្រវត្តសាស្ដ្រនេះ (តំបន់X16) ធ្វើជាកន្លែងទីតាំងអដ្ឋិធាតុ យុទ្ធជនទាំងនោះ»។
សម្ដេចតេជោបន្ថែមថា ចំណែកវៀតណាម ក៏កំពុងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ នៃកងទ័ពស្មគ្រចិត្តរបស់វៀតណាម ទៅវៀតណាមវិញផងដែរ ។ សម្ដេចថា ដូច្នេះគួរតែដល់ពេលវេលាមួយ ដើម្បីធ្វើមាតុភូមិនិវត្តន៍ នៃអដ្ឋិធាតុយុទ្ធជន កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ។
លើសពីនេះទៀត សម្ដេចតេជោឲ្យដឹងទៀតថា ក្រោយពីយកអដ្ឋិធាតុយុទ្ធជន៤៩រូបនោះ មកតម្កល់ទុកនៅតំបន់ X16 រួចមកហើយ គឺរៀងរាល់ថ្ងៃ២០ មិថុនា ត្រូវធ្វើពិធីគោរពវិញ្ញាណក្ខន្ធផងដែរ ៕