ព័ត៌មានជាតិ

សម្ដេចតេជោ ត្រៀមដីជាង១ពាន់ហិកតា នៅតំបន់ X16 បង្កើតជា តំបន់សេដ្ឋកិច្ចពិសេស

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានត្រៀមដីទុករួចជាសម្រេចក្នុងទំហំចំនួន ១១៧៦ហិកតា នៅតំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្ម X16 ក្នុងភូមិសាស្ដ្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស។

ការត្រៀមបម្រុងទុកដីជាង១ពាន់ហិកតា នៅតំបន់ X16 នេះ ក្រោយមានការស្នើសុំពីលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

នាឱកាសអញ្ជើញប្រារព្ធខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ដ្រយោធា តេជោកោះថ្ម X16 ក្នុងភូមិសាស្ដ្រភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូឃ្មុំ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា នាពេលអនាគតតំបន់ X16 នឹងក្លាយជាតំបន់ផ្លាស់ប្ដូរទំនិញដ៏ល្អបំផុត។

សម្ដេចតេជោ មានប្រសាសន៍ថា «យើងត្រូវបង្កកដីនៅទីនេះ(តំបន់X16) ១១៧៦ហិកតា ដើម្បីត្រៀមបម្រុងទុកការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់រោងចក្រ ជាដើម»។

សម្ដេចតេជោបន្ដថា កសិផល និងវត្ថុធាតុដើមរបស់កម្ពុជា នៅតំបន់ភូមិភាគឥសានមានច្រើន ដូច្នេះ សម្ដេច ស្នើឲ្យមានការពង្រីកផ្លូវនៅតំបន់ X16 ដោយចាប់ផ្តើមពីឆ្នាំ២០២៣-២០២៤ ។ សម្ដេច ក៏បានណែនាំឲ្យរក្សាដីជាង១ពាន់ហិកតានេះឲ្យបានល្អ ដើម្បីទាក់ទាញអ្នកវិនិយោគ ជាពិសេស ធ្វើយ៉ាងណាឲ្យតំបន់នេះ ជាតំបន់តភ្ជាប់ទៅកាន់តំបន់នានា ៕

To Top