DAP News

ព័ត៌មានជាតិ

សម្ដេចតេជោ ភ្ញាក់ផ្អើល ចំពោះការកើនឡើង ទំហំពាណិជ្ជកម្ម កម្ពុជា-វៀតណាម ទោះបីមានការរំខានពីកូវីដ

ភ្នំពេញ ៖ ជាមួយនឹងគោលបំណង ក្នុងការត្រៀមបង្កើតច្រកព្រំដែន និងតំបន់សេដ្ឋកិច្ចពិសេសថ្មី លើទឹកដីនៃខេត្តត្បូងឃ្មុំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញការភ្ញាក់ផ្អើលមួយ ដោយពិនិត្យឃើញថា ត្រឹមរយៈពេល៥ខែដើមឆ្នាំ២០២២ ទំហំពាណិជ្ជកម្ម ទ្វេភាគី កម្ពុជា-វៀតណាម កើនឡើងទៅដល់ជាង៥ពាន់លានដុល្លារ ទោះបីមានការរំខាន ពីជំងឺរាតត្បាតសកល កូវីដ១៩ក្តី ។

ថ្លែងក្នុងឱកាសអញ្ជើញប្រារព្ធខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះ ទៅការផ្ដួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្ម X16 ក្នុងភូមិសាស្ដ្រភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូឃ្មុំ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ បានមានប្រសាសន៍ថា ឥឡូវនៅតាមតំបន់ព្រំដែន ជាមួយ វៀតណាម តំបន់ដែលគេធ្លាប់ដាក់កាំភ្លើងធំ បាញ់គ្នាកាលពីមុន កំពុងក្លាយជាតំបន់គ្រឿងចក្រ សណ្ឋាគារ ផ្លាស់ប្តូរទំនិញ ទៅវិញ។

ក្នុងឱកាសនេះ សម្ដេចបានឲ្យដឹងថា រយៈពេល៥ខែ ដើមឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា-វៀតណាម បានកើនឡើងទៅដល់ជាង ៥ពាន់លានដុល្លាររួចស្រេចទៅហើយ

សម្ដេចបញ្ជាក់ថា “អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺមុនកូវីដ១៩ គឺយើងដាក់គោលដៅត្រឹមតែ៥ពាន់លាន បែរជាមានដំណាក់កាលកូវីដ បែរជាឆ្នាំទៅ យើងសម្រេចបាន៩ពាន់លាន ឥឡូវ៥ខែ យើងសម្រេចជាង៥ពាន់ដុល្លារ”។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចក៏បានបង្ហាញការរំពឹងទុកថា ឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងឡើងដល់១០ពាន់លានដុល្លារអា៕

To Top