ភ្នំពេញ៖ រដ្ឋសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ របស់ក្រុមប្រឹក្សាយោបល់ អាយប៉ា ស្ដីពីគ្រឿងញៀន (AIPACODD-5) នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ តាមប្រព័ន្ធនិម្មិត ផ្សាយចេញពីវិមានរដ្ឋសភា។
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋសភា នាថ្ងៃ២១ មិថុនា នេះ បានបញ្ជាក់ថា លោក ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាជាតិ អាយប៉ា-កម្ពុជា តំណាង សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ នឹងអញ្ជើញជាអធិបតីភាពនៃកិច្ចប្រជុំនេះ។
លើសពីនេះ គណៈប្រតិភូសភានៃបណ្តាប្រទេស ជាសមាជិកអន្តរសភាអាស៊ាន នឹងអញ្ជើញចូលរួមកិច្ចប្រជុំនេះ។ លោក ទី សុគន្ធ លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា នឹងដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ របស់ក្រុមប្រឹក្សាយោបល់អាយប៉ា ស្ដីពីគ្រឿងញៀន (AIPACODD-5) ដែលក្នុងនោះ គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ លោក ឆាយ វណ្ណ លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា។
សូមជម្រាបថា កិច្ចប្រជុំលើកទី១ ដល់លើកទី១៣ គិតត្រឹមឆ្នាំ២០១៧ កិច្ចប្រជុំនេះមានឈ្មោះថា គណៈកម្មាធិការស្វែងរកការពិតអោយប៉ូ ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន (AIFOCOM)។ នៅឆ្នាំ២០១៨ កិច្ចប្រជុំនេះបានប្រែក្លាយឈ្មោះជា ក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រឿងញៀន (AIPACODD) រហូត ដល់បច្ចុប្បន្ន។ សភាកម្ពុជា ក៏ធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអោយប៉ូខម(AIFOCOM) ម្តងរួចមកហើយ កាលពីថ្ងៃទី២៥-២៩ ខែឧសភា ឆ្នាំ២០១១ នៅរាជធានីភ្នំពេញ៕