ព័ត៌មានជាតិ

តុលាការជម្រះ បណ្តឹងឧទ្ធរណ៍ ស្រ្តីជាប់ចោទវៀតណាមម្នាក់ ជាប់ពាក់ព័ន្ធការជួញដូរមនុស្ស និង លក់ក្មេងស្រីខ្មែរចំនួន២នាក់ នៅខេត្តកណ្ដាល

ភ្នំពេញ: ស្រី្តជាប់ចោទវៀតណាម ម្នាក់ កាលពីថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២២ ត្រូវបាន សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ធ្វើការជំនុំជម្រះលើបណ្ដឹង ឧទ្ធរណ៍របស់នាង ជាប់ពាក់ព័ន្ធនឹងការចាប់ពង្រត់កុមារីខ្មែរ ចំនួន២នាក់ ម្នាក់មានអាយុ ៧ ឆ្នាំ និង ម្នាក់ទៀត មានអាយុ ៩ ឆ្នាំ ពីក្រុងបាវិត ខេត្តស្វាយរៀង នាំមកលក់អោយ ក្រុមគ្រួសារវៀតណាម នៅក្នុងស្រុកកោះធំ ខេត្តកណ្តាល ព្រំដែនកម្ពុជាវៀតណាម ប្រព្រឹត្ត នៅក្នុងអំឡុងខែ មេសា ឆ្នាំ ២០១៩ ។

លោក ប៉ុល សំអឿន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងនៅក្នុង អង្គសវនាការការថា ជាប់ចោទ ជនជាតិវៀតណាម រូបនេះ មាន ឈ្មោះ ង្វៀង លីលឿង ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ មុខចាប់ខ្លួន នៅក្រុងបាវិត ខេត្តស្វាយរៀង។

ជនជាប់ចោទ ឈ្មោះ ង្វៀង លីលឿង ត្រូវបានសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ១៥ ឆ្នាំ និង បង្គាប់ឱ្យ សងថ្លៃ ជំងឺចិត្ត ចំនួន ២លានរៀល ឱ្យ ទៅកុមារីខ្មែរ រងគ្រោះ ក្នុងម្នាក់ៗ ។

ជនជាប់ចោទត្រូវបាន តំណាងអយ្យការ ចោទប្រកាន់ពីបទ: នាំចេញដោយមិនស្របច្បាប់ ដោយមានគោលដៅ តាមបញ្ញត្តិមាត្រា ១១ នៃ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរ មនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទ ប្រព្រឹត្តនៅខេត្តស្វាយរៀង និង ខេត្តកណ្តាល កាលពីអំឡុងខែ មេសា ឆ្នាំ ២០១៩។

ស្ត្រីជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០១៩ នៅស្រុកកោះធំ ខេត្តកណ្តាល តាមបណ្តឹង របស់ ឪពុកម្តាយកុមារីរងគ្រោះ បន្ទាប់នាង បានចាប់ពង្រត់ ពីក្រុមគ្រួសារ នៅក្រុងបាវិត និង នាំក្មេងស្រីរងគ្រោះ មកលក់ នៅក្នុងស្រុកកោះធំ ក្នុង តម្លៃ ម្នាក់ៗ ៧០០ដុល្លារអាមេរិក។

សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ នឹងប្រកាសប្រកាសសាលដីកា លើសំណុំរឿងក្តីព្រហ្មទណ្ឌនេះ នៅព្រឹកថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២២ ៕

ដោយ: លីហ្សា

To Top