ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន លោក KISHI Nobuo បានប្រកាសគាំទ្រលើសំណើផ្តួចផ្តើមនានា របស់កម្ពុជាពាក់ព័ន្ធ នឹងការពង្រឹងសមត្ថភាពធនធានមនុស្ស លើជំនាញសំខាន់ៗមួយចំនួន ដល់កងទ័ពកម្ពុជា ជាមួយនឹងការរំពឹងថា កម្ពុជានឹងក្លាយដៃគូដ៏ល្អក្នុងការចូលរួមចំណែកដល់ការពង្រឹង និងថែរក្សារក្សាសន្តិភាពនៅក្នុងតំបន់ ។ នេះបើយោងតាមការចុះផ្សាយ របស់ក្រសួងព័ត៌មាន ។

ការបង្ហាញក្ដីរំពឹងរបស់ ប្រមុខការពារជាតិជប៉ុនបែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២២។


ក្នុងជំនួបនោះលោក KISHI Nobuo រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រកាសគាំទ្រចំពោះតួនាទីកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ និងអះអាងថា ឆ្នាំនេះជាឆ្នាំប្រកបដោយអត្ថន័យជ្រាលជ្រៅ សម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន។ ការគាំទ្រនេះ ក៏បានធ្វើឡើងក្នុងឱកាសជួប ពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរ ភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅទីស្តីការក្រសួងការពារជាតិជប៉ុន កាលថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។
លោករដ្ឋមន្ត្រីការពារជាតិជប៉ុន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងកម្ពុជា-ជប៉ុន ក្នុងការបន្តរក្សាទំនាក់ទំនងជិត ស្និទ្ធ ក្នុងវិស័យការពារជាតិ និងបានគាំទ្រ លើសំណើផ្តួចផ្តើមនានា របស់កម្ពុជាពាក់ព័ន្ធ នឹងការពង្រឹងសមត្ថភាព ធនធានមនុស្ស លើជំនាញសំខាន់ៗមួយចំនួន ដល់កងទ័ពកម្ពុជា ជាមួយនឹងការរំពឹងថា កម្ពុជានឹងក្លាយដៃ គូដ៏ល្អក្នុងការចូលរួមចំណែកដល់ការពង្រឹង និងថែរក្សារក្សាសន្តិភាពនៅក្នុងតំបន់ ។
សូមជម្រាបថា កម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន, កិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) ចាប់ពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២២៕

