ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចផ្លូវការ របស់លោក RABOWO Subianto រដ្ឋមន្ត្រីក្រសួងការពារ ប្រទេសឥណ្ឌូនេស៊ី នៅកម្ពុជានាពេលនេះ នឹងពង្រឹងទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងការពារប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ីឲ្យកាន់តែប្រសើរឡើងថែមទៀត។

អ្វីដែលសម្ដេច ទៀ បាញ់ លើកឡើងនោះរួមមាន ការទទួលសិក្ខាកាមកម្ពុជា ទៅបណ្តុះបណ្តាល នៅឥណ្ឌូនេស៊ី , ការបញ្ជូនយោធាចារ្យឥណ្ឌូនេស៊ី មកបណ្តុះបណ្តាលសិក្ខាកាមនៅកម្ពុជា , ការផ្លាស់ប្តូរដំណើរទស្សនកិច្ច គណៈប្រតិភូទៅវិញទៅមក , ការចូលរួមលំហាត់ហ្វឹកហ្វឺន រក្សាសន្តិភាព និងការផ្តល់បរិក្ខារ សម្ភារៈយោធា ជូនកងយោធពលខេមរភូមិន្ទ។
សូមរំលឹកថា កម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន, កិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) ចាប់ពីថ្ងៃ២១-២២ មិថុនា ៕




