ព័ត៌មានជាតិ

អគ្គលេខាធិការ អង្គការសម្ព័ន្ធពិភពឥស្លាម ៖ កម្ពុជា គឺជាគម្រូដ៏ល្អសម្រាប់ សុខដុមនីយកម្ម ក្នុងចំណោមសាសនាផ្សេងគ្នា

ភ្នំពេញ៖ លោក Muhammad bin Abdul Karim Issa អគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពឥស្លាម បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាថា ជាគម្រូដ៏ល្អមួយរបស់ ពិភពលោកសម្រាប់សុខដុមនីយកម្ម និងសន្តិសហវិជ្ជមាន ក្នុងចំណោមប្រជាជនដែលមានដើមកំណើត និងសាសនាផ្សេងគ្នា ។

ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នៅថ្ងៃទី២១ មិថុនា លោកអគ្គលេខាធិការ ដែលជាអតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌អារ៉ាប៊ីសាអូឌីត បានគូសបញ្ជាក់ថា គោលនយោបាយសុខដុមនីយកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា និងការប្រព្រឹត្តយ៉ាងត្រឹមត្រូវចំពោះជនជាតិម៉ូស្លីម ត្រូវបានទទួលការកោតសរសើរ ពីសំណាក់អង្គការសម្ព័ន្ធពិភពឥស្លាម និងប្រជាជាតិម៉ូស្លីមផងដែរ។

ក្នុងជំនួបនោះដែរឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីសារសំខាន់ នៃដំណើរទស្សនកិច្ចរបស់ លោកអគ្គលេខាធិការ Muhammad bin Abdul Karim Issa សម្រាប់ការជំរុញទាំងចំពោះទំនាក់ទំនង រវាងកម្ពុជាជាមួយអង្គការសម្ព័ន្ធពិភពឥស្លាម និងរវាងសហគមន៍ម៉ូស្លីមនៅកម្ពុជា ជាមួយសហគមន៍ម៉ូស្លីម នៅលើពិភពលោកផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកពីដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា របស់ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ (Faisal bin Farhan Al Saud) រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ កន្លងទៅ ដែលទស្សនកិច្ចនេះបានលើកកម្ពស់ មិនត្រឹមតែទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ព្រះរាជាណាចក្រទាំងពីរប៉ុណ្ណោះទេ ថែមទាំងរវាងកម្ពុជា និងពិភពម៉ូស្លីម ផងដែរ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរចំពោះជំនួយ ផ្តល់ដោយអង្គការសម្ព័ន្ធពិភពឥស្លាម ដល់សហគមន៍ម៉ូស្លីមនៅកម្ពុជា លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ សុខាភិបាល និងជាពិសេសការបង្កើនចំនួនកូតា សម្រាប់ប្រជាជនម៉ូស្លីមកម្ពុជា ទៅចូលរួមក្នុងពិធីបុណ្យ Haji នៅប្រទេសអារ៉ាប៊ីសាអូឌីត ជារៀងរាល់ឆ្នាំ។

លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវរបស់លោកអគ្គលេខាធិការថា ដោយសារការដឹកនាំ ប្រកបដោយចក្ខុវិស័យច្បាស់លាស់ និងគោលនយោបាយអំពីការលើកកម្ពស់កិច្ចសន្ទនា និងការយោគយល់អធ្យាស្រ័យ ជំហរប្រឆាំងនឹងភាពជ្រុលនិយម ការស្អប់ខ្ពើម និងអំពើហិង្សា ដែលត្រូវបានផ្តួចផ្តើមដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេសកម្ពុជា ដែលជាប្រទេសមួយមានពុទ្ធសាសនិក ៩០% និងឥស្លាមសាសនិក ៥% អាចធានាបាននូវការរួមរស់ប្រកបដោយ សន្តិសហវិជ្ជមានរវាងប្រជាជន ដែលមានសាសនាផ្សេងៗគ្នា។

លោក ក៏បានលើកឡើងផងដែរអំពី ការយកចិត្តទុកដាក់ដ៏ល្អ របស់រដ្ឋាភិបាលកម្ពុជា ចំពោះសហគមន៍ម៉ូស្លីមកម្ពុជា ដូចជាការតែងតាំងសាសនិកឥស្លាមកម្ពុជា ឱ្យបម្រើការងារក្នុងស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការគោរពនិងការសម្រួលដល់ការ ប្រតិបត្តិសាសនារបស់ពួកគេ ការអភិរក្សភាសាកំណើត ប្រពៃណី និងទំនៀមទម្លាប់ ជាដើម ៕

To Top