ភ្នំពេញ ៖ ក្រសួងបរិស្ថាន ទីភ្នាក់ងារជំនួយអាមេរិក USAID អង្គការមូលនិធិសាកល សម្រាប់ធម្មជាតិ (WWF កម្ពុជា) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការអភិរក្ស អន្តរជាតិ (CI) អង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិ (FFI) អង្គការជីវិតធម្មជាតិ នៅកម្ពុជា (NatureLife/BirdLife) និងអង្គការសម្ព័ន្ធ សត្វព្រៃនិងធម្មជាតិ (Wild Earth Allies) នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បានរួមគ្នា ចាប់ផ្តើមយុទ្ធនាការ ផ្លាស់ប្តូរឥរិយាបថ សង្គមលើកទីពីរ ដើម្បី ការពារព្រៃឈើ និងសត្វព្រៃ នៅ កម្ពុជា។
![](https://dap-news.com/wp-content/uploads/2022/06/photo_2022-06-22_14-01-15-1-1024x768.jpg)
យុទ្ធនាការការពារសត្វព្រៃយើង ការកាត់បន្ថយ ការដាក់អន្ទាក់ ការទិញ/លក់ និង ការហូបសាច់សត្វព្រៃ ជាផ្នែកមួយនៃយុទ្ធនាការអន្ទាក់-សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដែលផ្តោត លើការ កាត់បន្ថយការទិញ និងការហូបសាច់សត្វព្រៃ ដោយសារ ការហូបសាច់សត្វព្រៃ អាចប៉ះពាល់ដល់ សុខភាព និងជម្រុញ ឱ្យមានការប្រមាញ់សត្វព្រៃ។ យុទ្ធនាការទីពីរ ក្នុងចំណោមយុទ្ធនាការចំនួនបី ដែលផ្តល់ ខ្លឹមសារ និងសារគន្លឹះ តាមរយៈប្រព័ន្ធ ពហុផ្សព្វផ្សាយ ដើម្បីគាំទ្រយុវជន ឲ្យក្លាយជា «ជើងឯកបៃតង» គំរូ ក្នុងការផ្លាស់ប្តូរឥរិយាបថ និងការអនុវត្ត ប្រកបដោយជោគជ័យរបស់ពួកគេ ជុំវិញកិច្ចការពារធនធានធម្មជាតិ របស់កម្ពុជា ។
![](https://dap-news.com/wp-content/uploads/2022/06/photo_2022-06-22_14-01-21-1-1024x768.jpg)
លោក រីឆាត ឈិន ប្រធានការិយាល័យកំណើន សេដ្ឋកិច្ចប្រកបដោយចីរភាព ទីភ្នាក់ងារជំនួយអាមេរិក USAID បានមានប្រសាសន៍ថា «សត្វព្រៃ គឺជាផ្នែកមួយដ៏សំខាន់ នៃមរតកជាតិរបស់ប្រទេសកម្ពុជា និង ដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាសេវាកម្មប្រព័ន្ធអេកូឡូស៊ី ដែលផ្តល់អត្ថប្រយោជ ន៍ដល់ប្រជាជន និង សេដ្ឋកិច្ច។ យើងសង្ឃឹមថា ការបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃជីវៈចម្រុះ នឹងលើកទឹកចិត្តដល់ ប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀត ក្នុងការពារសត្វព្រៃ»។
![](https://dap-news.com/wp-content/uploads/2022/06/photo_2022-06-22_14-01-25-1-1024x768.jpg)
គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការ ពង្រឹងការយល់ដឹងជាសាធារណៈ ក្នុងគោលដៅ ផ្លាស់ប្តូរ ឥវិយាបថ ដើម្បីការពារព្រៃឈើនិងសត្វព្រៃ តាមរយៈការផ្សព្វផ្សាយសារគន្លឺះសំខាន់ៗ ស្តីពី ការកាត់បន្ថយ តម្រូវការទិញនិងហូបសាច់សត្វព្រៃ ដើម្បីចូលរួមការពារព្រៃឈើនិងសត្វព្រៃ និង ធានាចីរភាពនៃជីវភាព រស់នៅរបស់សហគមន៍។
![](https://dap-news.com/wp-content/uploads/2022/06/photo_2022-06-22_14-01-28-1-1024x768.jpg)
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានបានប្រសាសន៍ថា «ប្រជាជនកម្ពុជាគ្រប់ៗរូប ទាំងក្មេងនិងចាស់ មានភារកិច្ចរួមមួយ ក្នុងការអភិរក្ស និងការពារធនធាន ធម្មជាតិ ដ៏មានតម្លៃរបស់យើង ។ ក្រសួងបរិសា្ថន អំពាវនាវ ឲ្យប្រជាជនទាំងអស់ ឈប់ហូបសាច់សត្វព្រៃ និងផលិតផល សត្វព្រៃផ្សេងទៀត ។ យើង ទទូច ឲ្យប្រជាជនកម្ពុជាទូទាំង ប្រទេស និយាយថា «ទេ ចំពោះសាច់សត្វព្រៃ» និងចូលរួមក្នុងកិច្ច ប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ក្នុងការប្រឆាំងនឹងជំនួញ សត្វព្រៃខុសច្បាប់ ក៏ដូចជាចូលរួមក្នុងការអភិរក្ស ធនធានធម្មជាតិ របស់ព្រះរាជាណាចក្រយើង» ។
![](https://dap-news.com/wp-content/uploads/2022/06/photo_2022-06-22_14-01-32-1-1024x768.jpg)
យុទ្ធនាការនេះ ក៏ជាផ្នែកមួយ នៃយុទ្ធនាការអន្ទាក់-សូន្យ ដែលដឹកនាំដោយ ក្រសួងបរិស្ថាន សហការជាមួយ អង្គការ WWFកម្ពុជា USAID , WCS, CI, FFI, NatureLife/BirdLife និងអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ និងសហគមន៍ មូលដ្ឋាន។ យុទ្ធនាការអន្ទាក់-សូន្យ បានចាប់ផ្តើមពីខែមីនា ឆ្នាំ២០២២ មានគោលបំណង លុបបំបាត់ការប្រើ អន្ទាក់គ្រប់ប្រភេទ ការជួញដូរ និងបញ្ចប់តម្រូវការសត្វព្រៃ និងផលិតផលធ្វើពីសត្វព្រៃ ផ្សេងទៀត នៅកម្ពុជា។ យុទ្ធនាការអន្ទាក់-សូន្យ នេះ នឹងបញ្ចប់ នៅខែវិចិ្ឆកា ឆ្នាំ២០២២ ដោយផ្តោតលើ ខេត្តចំនួន ប្រាំមួយ គឺខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគីរី កំពង់ធំ និង រតនគីរី ៕
![](https://dap-news.com/wp-content/uploads/2022/06/photo_2022-06-22_14-01-36-1-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)