ភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសម្ព័ន្ធពិភពឥស្លាម ដឹកនាំដោយលោក មហាំម៉ាត់ អាប់ឌុលការី អាល់អ៊ីសា (MOHAMMAD ABDULKARIM A ALISSA) អគ្គលេខាធិការនៃសម្ព័ន្ធពិភពឥស្លាម និងជាប្រធានសមាគមសម្ព័ន្ធបញ្ញវន្តឥស្លាម ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកដឹកនាំ គណៈប្រតិភូមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។
តាមរយៈដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូនាឱកាសនេះ នឹងនាំមកនូវការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរឱ្យកាន់តែល្អប្រសើរជាងទៀត ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន ប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងពេលអនាគត៕






