ព័ត៌មានជាតិ

សម្ដេចតេជោ គាំទ្រការបង្ហាត់ កីឡាបញ្ចសីលានិងល្បុក្កតោ ឱ្យគ្នាទៅវិញទៅមក រវាង កម្ពុជា-ឥណ្ឌូនេស៊ី

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសគាំទ្រ ចំពោះការបង្ហាត់កីឡាបញ្ចសីលា និង ល្បុក្កតោ ឱ្យគ្នាទៅវិញទៅមក រវាង កម្ពុជា-ឥណ្ឌូនេស៊ី។ ក្នុងន័យនេះ ឥណ្ឌូនេស៊ីបង្ហាត់កីឡាបញ្ចសីលាដល់កម្ពុជា និងកម្ពុជាបង្ហាត់កីឡាល្បុក្កតោ ដល់ឥណ្ឌូណេស៊ី។

ថ្លែងនៅក្នុងជំនួបជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២២នេះ លោក ប្រាបូវ៉ូ ស៊ូប៊ីអានតូ Prabowo Subianto រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី បានគោរពនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ ពីលោកប្រធានាធិបតី ជូនចំពោះសម្ដេចតេជោ ហើយក៏បានសម្ដែងការអបអរសាទរ ជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះមកកាន់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

លោក ប្រាបូវ៉ូ បានមានប្រសាសន៍ថា លោក បានមកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពី ៥ឆ្នាំមុនហើយពេលនេះ កម្ពុជា បានប្រែក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ដ៏ស្រស់បំព្រងមួយ។

លើសពីនោះទៀត លោក ប្រាបូវ៉ូ បានគោរពជម្រាបជូន សម្ដេចតេជោថាលោក បានជួបជាមួយលោក អគ្គមេបញ្ជាការកងទ័ពពិសេស ៩១១ និងបានពិភាក្សាលើកិច្ចសហប្រតិបត្តិការដែលក្នុងនោះ លោក បានសម្រេចផ្ដល់អាហារូបករណ៍ ដល់សិស្សទាហានកម្ពុជា ទៅសិក្សានៅសាលាការពារជាតិ ឥណ្ឌូនេស៊ី លើវិស័យពេទ្យ, វិស័យវិស្វកម្ម និងវិស័យគណិតសាស្ត្រ និងវិទ្យាសាស្ត្រ ។

លោក ប្រាបូវ៉ូ ក៏បានជួបពិភាក្សាជាមួយលោក ប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា ផងដែរ ហើយក៏បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងការបង្ហាត់កីឡាបញ្ចសីលាដល់កម្ពុជា និងកម្ពុជា បង្ហាត់កីឡាល្បុក្កតោ ដល់ឥណ្ឌូណេស៊ី ក្នុងន័យនេះ លោក ប្រាបូវ៉ូ សូមគោរពសុំការគាំទ្រ ពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក ប្រាបូវ៉ូ ដែលបាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីលោកប្រធានាធិបតីជូនចំពោះសម្ដេច ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ រវាងកងទ័ពឥណ្ឌូនេស៊ីនិងកម្ពុជា ហើយសម្ដេច បានថ្លែងអំណរគុណចំពោះ លោក ប្រាបូវ៉ូ ដែលបានផ្ដល់អាហារូបករណ៍ ដល់សិស្សទាហានកម្ពុជា ទៅសិក្សានៅឥណ្ឌូនេស៊ី និងបង្ហាត់ក្បាច់បញ្ចសីលា ដល់កីឡាករកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគាំទ្រចំពោះការបង្ហាត់ក្បាច់ ល្បុក្កតោកម្ពុជា ជូនដល់កីឡាករឥណ្ឌូនេស៊ី ផងដែរ ។

សម្ដេចតេជោ បានមានប្រសាសន៍ទៀតថា នេះជាវប្បធម៌នៃកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី ៕

To Top