ព័ត៌មានជាតិ

សម្តេចតេជោ វាយតម្លៃខ្ពស់ ចំពោះលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន (Video)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

នៅក្នុងឱកាស ចូលជួប សម្ដែង ការ គួរសម ជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នេះ លោក យូសូហ្វ តាងនាមឱ្យប្រតិភូ រដ្ឋមន្ត្រី ការពារ ជាតិ អាស៊ានទាំងមូល បានគោរពថ្លែងអំណរគុណ ជូនចំពោះសម្ដេចតេជោ សម្រាប់ការទទួលស្វាគមន៍ យ៉ាងកក់ក្ដៅ និងសូមគោរពវាយតម្លៃខ្ពស់ ចំពោះភាពដឹកនាំ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ាន ។

លោកបានគោរពរាយការណ៍ ជូនសម្ដេចតេជោ អំពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលបានអនុម័តឯកសារចំនួន៤រួមមាន៖
១-ឯកសារទស្សនៈទាន ស្ដីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពបណ្ដាប្រទេសអាស៊ាន ក្នុងការទប់ស្កាត់ជំងឺរាតត្បាតឆ្លងដែន,
២-លើកកម្ពស់យន្តការគាំទ្រសម្រាប់ស្ត្រីរក្សាសន្តិភាពអាស៊ាន,
៣-ឯកសារទស្សនៈទាន ស្ដីពីការបង្កើតកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអប់រំយោធាអាស៊ាន
៤-ឯកសារចក្ខុវិស័យភ្នំពេញ ស្ដីពីតួនាទីស្ថាប័នការពារជាតិ ក្នុងការគាំទ្រការស្ដារឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក យូសូហ្វ ដែលបានធ្វើរបាយការណ៍ ឆ្លុះបញ្ចាំងអំពីលទ្ធផល នៃកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះ ការសម្របសម្រួល ឱ្យមានកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន ជាមួយនឹងកិច្ចប្រឹងប្រែង របស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន ទាំងអស់ ដែលញ៉ាំងឲ្យកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ទទួលបានជោគជ័យ ។

ជាទីបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ជូនដល់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ទាំងអស់ និងសូមឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ អាស៊ានទាំងអស់ ទទួលបាននូវសេចក្ដីរីករាយ ជាមួយការស្នាក់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនាំជាមួយនូវអនុស្សាវរីយ៍ល្អៗ ទៅកាន់ប្រទេសវិញ ៕

To Top