នយោបាយ

៥៥ឆ្នាំ នៃទំនាក់ទំនង កម្ពុជា-វៀតណាម៖ មេរៀនអតីតកាល និងមាគ៌ាឆ្ពោះទៅមុខ

ខែមិថុនា ឆ្នាំ២០២២នេះ កត់សម្គាល់ខួប៥៥ឆ្នាំ នៃទំនាក់ទំនងការទូត ផ្លូវការ រវាងកម្ពុជានិងវៀតណាម។

ភ្នំពេញ៖ កម្ពុជានិងវៀតណាម ជាប្រទេសភូមិផងរបងជាមួយ ដែលមានព្រំដែនជាប់គ្នា ប្រវែងប្រមាណជាង ១,២៧០គីឡូម៉ែត្រ និងមានទន្លេមេគង្គហូរកាត់ដូចគ្នា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានចងភ្ជាប់ដោយចំណង ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងនយោបាយ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនង ការទូត ផ្លូវការនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។

ទោះបីកម្ពុជានិងវៀតណាម ទើបមានចំណងទំនាក់ទំនង ការទូតផ្លូវការ ជាងកន្លះសតវត្សរ៍កន្លងមកនេះក្តី ប៉ុន្តែ បើផ្អែកតាមប្រវត្តិសាស្ត្រ ប្រទេសទាំងពីរ មានទំនាក់ទំនងគ្នា ជាយូរលង់មកហើយ ពោលគឺតាំងពីសតវត្សរ៍ទី១៥ នៃគ្រឹស្តសករាជមកម្ល៉េះ។ ក្នុងសម័យសង្គ្រាមត្រជាក់ ចំណងទំនាក់ទំនង រវាងប្រទេសទាំងពីរ បានជាប់ពាក់ព័ន្ធគ្នា យ៉ាងស៊ីជម្រៅ ជាពិសេស ក្នុងចន្លោះទសវត្សរ៍ឆ្នាំ១៩៦០ និងទសវត្សរ៍ឆ្នាំ១៩៧០។ ចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៨០ ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានលក្ខណៈស៊ីជម្រៅ ស្អិតល្មួត និងបន្តរីកចម្រើនរឹងមាំរហូតមកដល់បច្ចុប្បន្ន។

ក្នុងទំនាក់ទំនាក់ទំនង រវាងប្រទេសទាំងពីរ ក្រោយសម័យអាណានិគមនិយមបារាំង មានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដ៏សំខាន់ពីរ បានកើតឡើងដែលត្រូវចងចាំ គឺពលិកម្មរបស់កម្ពុជា ក្នុងបុព្វហេតុ នៃការបង្រួបបង្រួមប្រទេសវៀតណាម និងពលិកម្មរបស់វៀតណាម ក្នុងការរួមចំណែករំដោះ អាយុជីវិតប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៥៤ បារាំងបានចុះកិច្ចព្រមព្រៀង បញ្ចប់សង្រ្គាមឥណ្ឌូចិន នៅក្នុងសន្និសីទក្រុងហ្សឺណែវ ដោយបារាំងបានសុខចិត្ត ប្រគល់ឯករាជ្យ ដល់វៀតណាម ក៏ប៉ុន្តែ នៅក្នុងសន្និសីទក្រុងហ្សឺណែវ នេះ ប្រទេសវៀតណាម ត្រូវបានគេបន្តទុកឱ្យ នៅពុះចែកជាពីរដដែល ដោយបានត្រឹមតែកំណត់ថា វៀតណាមទាំងពីរនឹងត្រូវបង្រួបបង្រួមគ្នាមកវិញនៅក្រោយការបោះឆ្នោតជាតិមួយ ដែលគេគ្រោងរៀបចំធ្វើឡើង នៅទូទាំងប្រទេសវៀតណាម នៅឆ្នាំ១៩៥៦។ ក៏ប៉ុន្តែ ផែនការរៀបចំការបោះឆ្នោតជាតិនេះ ត្រូវបានច្រានចោលដោយវៀតណាមខាងត្បូង និងសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្ត។

សង្រ្គាមរវាងវៀតណាមខាងជើង គាំទ្រដោយប្លុកកុម្មុយនីស្ត និងវៀតណាមខាងត្បូង ដែលមានជំនួយពីកងទ័ពអាមេរិក បានផ្ទុះសន្ធោរសន្ធៅឡើង។ សង្រ្គាមនេះត្រូវបានគេហៅជាទូទៅថា «សង្រ្គាមវៀតណាម» ប៉ុន្តែ តាមពិត វាមិនមែនកើតឡើង តែនៅក្នុងប្រទេសវៀតណាម មួយនោះទេ គឺបានរាលដាលទៅដល់ផ្នែកខ្លះ នៃទឹកដីកម្ពុជានិងឡាវផងដែរ។ ដូច្នេះហើយ ទើបគេហៅថា «សង្គ្រាមឥណ្ឌូចិនទី២»។

ដើម្បីជួយវៀតណាម កម្ពុជាបានផ្លាស់ប្តូរគោលជំហរ អព្យាក្រឹតរបស់ខ្លួន ដោយអនុញ្ញាតឱ្យ រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (វៀតណាមខាងជើង) និងរដ្ឋាភិបាលបណ្ដោះអាសន្ន វៀតណាមខាងត្បូង ប្រើប្រាស់ទឹកដីកម្ពុជា តាមព្រំដែន ដើម្បីគេចពីការតាមកម្ទេច របស់វៀតណាមខាងត្បូង និងសម្ព័ន្ធមិត្ត, ផ្តល់ស្បៀងអាហារ, អនុញ្ញាតឱ្យវៀតណាមខាងជើង ប្រើប្រាស់កំពង់ផែក្រុងព្រះសីហនុ និងផ្លូវជាតិលេខ៤ ក៏ដូចជាផ្លូវជាតិផ្សេងៗទៀតដែលមានការពាក់ព័ន្ធ ដើម្បីដឹកសម្ភារៈសឹក និងបោះទីតាំងមូលដ្ឋានតស៊ូប្រឆាំងវៀតណាមខាងត្បូងដែលមានសហរដ្ឋអាម៉េរិកជាខ្នងបង្អែក រហូតទទួលបានជោគជ័យទាំងស្រុង ក្នុងការបង្រួបបង្រួម វៀតណាមជាប្រទេសតែមួយ ដែលមានឈ្មោះផ្លូវការថា «សាធារណរដ្ឋសង្គមនិយមវៀតណាម» រហូតមកដល់សព្វថ្ងៃនេះ។

ដោយសារតែការធ្វើពលិកម្ម ដើម្បីជួយវៀតណាម ដូចបានបញ្ជាក់ខាងលើនេះហើយ ទើបធ្វើឱ្យសហរដ្ឋអាមេរិក មានលេសទម្លាក់គ្រាប់បែក មកលើប្រទេសកម្ពុជា ដែលបានបង្កឱ្យប្រជាជនកម្ពុជា ស្លាប់និងរងរបួសរាប់សិបម៉ឺននាក់ និងបានទាញឱ្យកម្ពុជាធ្លាក់ចូល ក្នុងមហាវិបត្តិ និងគ្រោះមហន្តរាយស្ទើរតែ រលាយសាបសូន្យ ទឹកដីនិងពូជសាសន៍ខ្មែរ។ ខែមេសា ឆ្នាំ១៩៧៥ ក្រោមពលិកម្ម និងការជួយជ្រោមជ្រែង ដោយសុទ្ធចិត្តរបស់កម្ពុជា វៀតណាមបានទទួលជ័យជម្នះ លើចក្រពត្តិអាមេរិក និងបានបង្រួបបង្រួម និងឯកភាពទឹកដីរបស់ខ្លួន ឡើងវិញ ឯកម្ពុជាបែរជាធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហម បានចូលកាន់កាប់ទីក្រុងភ្នំពេញ និងទីរួមខេត្តដទៃទៀត។ កងទ័ពខ្មែរក្រហម បានបង្ខំឱ្យប្រជាជនក្រុងភ្នំពេញ ទាំងអស់ឱ្យចាកចេញពីទីក្រុង ហើយប្រជាជនខេត្ត ក្រុងឯទៀត ក៏ត្រូវជម្លៀសពីខេត្តមួយទៅខេត្តមួយ ពីតំបន់មួយទៅតំបន់មួយដូចគ្នា។ តមក ពួកខ្មែរក្រហម បានអនុវត្តនយោបាយ ដឹកនាំប្រទេសដ៏ចម្លែក ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ លទ្ធផលនៃរបបដឹកនាំនេះ បានធ្វើឱ្យប្រជាជនខ្មែរប្រមាណ២លាននាក់ បានស្លាប់ ដោយសារជំងឺ ដែលគ្មានថ្នាំសង្កូវព្យាបាល ការបង្អត់អាហារ ការកាប់សម្លាប់ និងការបង្ខំឱ្យធ្វើពលកម្មហួសកម្លាំង។

ចលនានៃការប្រយុទ្ធដ៏ខ្លាំងក្លា ប្រឆាំងនឹងពួកកម្ពុជាប្រជាធិបតេយ្យ បានកើតមានឡើងនៅខែវិច្ឆិកា ឆ្នាំ១៩៧៧ និងខែឧសភា ឆ្នាំ១៩៧៨ នៅខាងតំបន់បូព៌ា និងខាងពាយ័ព្យនៃប្រទេសកម្ពុជា។ ក្នុងពិធីប្រារព្ធខួបលើកទី៤៥ នៃទិវាការចងចាំដំណើរ ឆ្ពោះទៅកាន់ការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរំឭកពីដំណើរ របស់លោកទៅកាន់ ប្រទេសវៀណាម កាលពី៤៥ឆ្នាំមុន (២០ មិថុនា ១៩៧៧) ដើម្បីស្នើសុំកងកម្លាំង វៀតណាម មកជួយ រំដោះប្រទេសកម្ពុជាចេញពី របបប្រល័យពូជសាសន៍ ប៉ុល ពត។

ឥស្សរជនជាន់ខ្ពស់បំផុត នៃគណបក្សប្រជាជកម្ពុជា រួមមាន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និងសម្តេច ហេង សំរិន ព្រមទាំងឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត នៃគណបក្សប្រជាជនកម្ពុជា បានបង្កើតរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ និងបានស្នើសុំជំនួយ អន្តរាគមន៍ពីវៀតណាម។ តាមរយៈការអំពាវនាវ របស់រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា បក្សកុម្មុយនីស្តវៀតណាម និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឆ្លើយតបយ៉ាងទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ក្នុងការផ្តួលរំលំរបប ប្រល័យពូជសាសន៍នេះ ដោយទទួលបានជោគជ័យ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

តាមរយៈព្រឹត្តិការណ៍សង្គ្រាម ជាប្រវត្តិសាស្ត្រដ៏ធំទាំងពីរ ពីទសវត្សរ៍ឆ្នាំ១៩៦០ ដល់ទសវត្សរ៍ឆ្នាំ១៩៧០ នៅវៀតណាមគឺសង្គ្រាមដើម្បីបង្រួបបង្រួម និងឯកភាពវៀតណាម ឯនៅកម្ពុជាគឺសង្រ្គាម ដើម្បីរំដោះអាយុជីវិត ប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ យើងអាចនិយាយបានថា ប្រទេសទាំងពីរ កម្ពុជានិងវៀតណាម បានធ្វើពលិកម្ម យ៉ាងធំធេង ចំពោះគ្នាទៅវិញទៅមក ក្នុងនាមជាអ្នកជិតខាង។ បើគ្មានពលិកម្មរបស់កម្ពុជា ការបង្រួបបង្រួម និងឯកភាពទឹកដីវៀតណាម ពិតជាជួបការលំបាកយ៉ាងខ្លាំង ហើយបើគ្មានអន្តរាគមន៍ របស់វៀតណាម កម្ពុជាក៏មិនអាចផ្តួល រំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ភ្លាមៗបានដែរ។

ការធ្វើពលិកម្ម ដើម្បីគ្នា ទៅវិញទៅមក រវាងកម្ពុជានិងវៀតណាម ត្រូវតែកត់ត្រានិងចងចាំ ដោយប្រជាជាតិទាំងពីរ។ នៅកម្ពុជា គុណដែលវៀតណាម បានជួយរំដោះចេញ ពីរបបប្រល័យពូជសាសន៍ ត្រូវបានរំឭកជារៀងរាល់ឆ្នាំ ហើយស្តូបអនុស្សាវរីយ៍ កម្ពុជា-វៀតណាម ត្រូវបានអនុញ្ញាតឱ្យ សាងសង់ស្ទើរគ្រប់រាជធានី ខេត្តនៃប្រទេសកម្ពុជា។

លើសពីនេះទៀត កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីណែនាំ ស្តីពីការចារឹកនូវអត្ថន័យ នៃសច្ចភាពជាប្រវត្តិសាស្ត្រ លើស្តូបមិត្តភាព កម្ពុជា-វៀតណាម ដែលបានសាងសង់ឡើង នៅតាមបណ្តារាជធានី ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖ «ស្តូបមិត្តភាពកម្ពុជា-វៀតណាម ត្រូវបានសាងសង់ឡើង ដើម្បីជាសក្ខីភាព នៃការដឹងគុណ និងការចងចាំ ចំពោះពលិកម្ម របស់ប្រជាជនកម្ពុជា ដើម្បីបុព្វហេតុនៃការបង្រួបបង្រួម និងឯកភាពទឹកដីវៀតណាម ក្នុងអំឡុងទសវត្សរ៍៦០-៧០ និងជាសក្ខីភាពនៃការដឹងគុណ និងការចងចាំចំពោះ ពលិកម្មរបស់កងទ័ពនិងប្រជាជនវៀតណាម ដើម្បីបុព្វហេតុរំដោះ ប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យ នៅទសវត្សរ៍៧០-៨០» ។

ចំពោះពលិកម្ម របស់កម្ពុជាក្នុងបុព្វហេតុ នៃការបង្រួបបង្រួមនិងឯកភាពទឹកដីវៀតណាម កន្លងមក ក៏ត្រូវបានលើកឡើង ជាហូរហែផងដែរ ដោយមេដឹកនាំវៀតណាម។ ជាក់ស្តែង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ក្នុងពិធីប្រារព្ធ ខួបលើកទី៤៥ នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅឯព្រំដែនកម្ពុជា-វៀតណាម លោក ផាម មីញជីញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានទទួលស្គាល់ ពលិកម្មនេះ ដោយបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការគាំទ្រ និងការជួយដ៏មានតម្លៃ របស់ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ជាច្រើនជំនាន់ ជូនចំពោះប្រជាជនវៀតណាម ក្នុងការជួយរំដោះប្រទេសជាតិកន្លងមក ក៏ដូចជាការកសាង និងការអភិវឌ្ឍប្រទេសវៀតណាមសព្វថ្ងៃ។

លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានសម្តែងនូវអំណរគុណ ជាពិសេសចំពោះរាជរដ្ឋាភិបាល ដើរតាមនយោបាយអព្យាក្រឹត វិជ្ជមាន របស់កម្ពុជា បានទទួលស្គាល់ រណសិរ្សរំដោះជាតិវៀតណាមខាងត្បូង បានជួយអស់ពីចិត្ត និងបង្កលក្ខណៈអំណោយផល ដល់បដិវត្តន៍វៀតណាម ក្នុងការកសាងកម្លាំង នៅមូលដ្ឋាននិងផ្លូវដឹកជញ្ជូន ឲ្យសមរភូមិវៀតណាមខាងត្បូង ក្នុងកាលៈទេសៈដ៏សែនលំបាកនោះ។

ចាប់ពីឆ្នាំ១៩៧៩ មក កម្ពុជានិងវៀតណាម បានចុះកិច្ចព្រព្រៀងជួយគ្នា ទៅវិញទៅមក ស្ទើរគ្រប់វិស័យ ទាំងវិស័យការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ សង្គមកិច្ច និងសុខាភិបាល។ ក្នុងវិស័យការពារជាតិវិញ វៀតណាមបានផ្តត់ផ្គង់នូវសម្ភារៈបរិក្ខារយោធាដល់កម្ពុជា។ សិស្ស និស្សិត និងកម្មភិបាលនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជាជាច្រើនរូប ត្រូវបានបញ្ជូនទៅរៀននៅប្រទេសវៀតណាម និងនៅបណ្តាប្រទេស សង្គមនិយម មួយចំនួនទៀត។

ទន្ទឹមនឹងនេះដែរ ដោយក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ ប្រទេសកម្ពុជាជួបប្រទះ នូវការខ្វះខាតសព្វបែបយ៉ាង វៀតណាម ក៏ដូចជាប្រទេសសង្គមនិយម ជាមិត្តមួយចំនួនទៀត ជាពិសេសសហភាពសូវៀត បានផ្តល់ជំនួយដល់កម្ពុជា ជាស្បៀងអហារ ថ្នាំពេទ្យ និងគ្រឿងឧបភោគ និងបរិភោគដទៃទៀតយ៉ាងច្រើន។

ដំណាក់កាលឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ ជាដំណាក់កាលដ៏លំបាក ដែលកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិល។ រដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា ដៃម្ខាង ត្រូវទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបកម្ពុជាប្រជាធិបតេយ្យ និងដៃម្ខាងទៀត ត្រូវស្តារនិងក៏កសាងប្រទេសជាតិឡើងវិញផង។ ដូច្នេះ ជំនួយរបស់វៀតណាម ពិតជាមានសារៈសំខាន់ណាស់នៅពេលនោះ។

ការផ្លាស់ប្តូរស្ថានការណ៍នយោបាយ អន្តរជាតិ នាចុងទសវត្សរ៍ ឆ្នាំ១៩៨០ បានធ្វើឱ្យភាគីជម្លោះកម្ពុជា វិលទៅរកតុចរចាស្វែងរកសន្តិភាព។ ការចរចាសន្តិភាពនៅកម្ពុជា បានចេញដំណើរពីជំនួបជាប្រវត្តិសាស្ត្ររវាងសម្តេច នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃ០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅហ្វែរអង់តាដឺណ័រ (Fer-en-Tardenois) ប្រទេសបារាំង។ ការចរចាបានធ្វើទៅតាមកន្លែងយ៉ាងច្រើន ស្ទើរពេញមួយចំហៀង ផែនដី ដែលក្នុងនោះមានបារាំង ថៃ ឥណ្ឌូណេស៊ី កូរ៉េខាងជើង ចិន ជប៉ុន និងញូវយ៉ក ។

ទីបំផុត នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ប្រទេសបារាំង កិច្ចព្រមព្រៀងសន្តិភាព ត្រូវបានចុះហត្ថលេខា ដោយភាគីខ្មែរទាំងបួន ដោយមានការចូលរួម ពីបណ្តាប្រទេសជាងម្ភៃ និងប្រទេសហត្ថលេខីចំនួន១៨ ដែលក្នុងនោះក៏មានប្រទេសវៀតណាម ផងដែរ។ តាមរយៈកិច្ចព្រមព្រៀងនេះ បាននាំទៅដល់ការបោះឆ្នោតមួយ នៅឆ្នាំ១៩៩៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិ។

ចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មក ទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម បានបោះជំហានចូលក្នុងរបត់នយោបាយថ្មីមួយ ដែលក្នុងនោះ វៀតណាម នៅរក្សារបបនយោបាយ កុម្មុយនីស្តនិយម ឯកម្ពុជាបានប្រកាន់យក របបប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយរបបរាជានិយម អាស្រ័យអាស្រ័យធម្មនុញ្ញ ត្រូវបានបង្កើតឡើងវិញ។

ក្នុងក្របខណ្ឌទំនាក់ទំនងទ្វេភាគី ជាមួយវៀតណាម កម្ពុជាបានប្រកាន់ខ្ជាប់ នូវគោលនយោបាយ ការបរទេស ជាអ្នកជិតខាងល្អ ដោយពង្រឹងមិត្តភាពនិងពង្រីកកិច្ចសហប្រតិបត្តិការ មិនត្រឹមតែ នៅក្នុងក្របខ័ណ្ឌទ្វេភាគី ប៉ុណ្ណោះទេ ថែមទាំងផ្សារភ្ជាប់និងគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាអន្តរជាតិ និងតំបន់ទៀតផង។ ក្នុងវេទិកាតំបន់ ប្រទេសទាំងពីរ បានផ្លាស់ប្តូរទស្សនៈ លើបញ្ហាតំបន់និងអន្តរជាតិ ដែលមានប្រយោជន៍ សម្រាប់ប្រទេសទាំងពីរ។

ដោយឡែកវៀតណាមវិញ ជាក្របខណ្ឌគោលនយោបាយ ការបរទេសទ្វេភាគី ជាមួយប្រទេសកម្ពុជា ក៏មិនសូវជាខុសពីកម្ពុជា ប៉ុន្មានដែរ គឺវៀតណាមចាត់ទុកកម្ពុជា ជាប្រទេសប្រទេសជិតខាងមួយ ដែលទំនាក់ទំនងល្អ ត្រូវបានចាត់ទុកជាអាទិភាព និងត្រូវពូនជ្រុំ។

ចំពោះមុខបរិបទផ្ទៃក្នុងនិងខាងក្រៅ ទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ កំពុងមានការអភិវឌ្ឍ លើវិស័យជាច្រើន។ កម្ពុជានិងវៀតណាម បានឯកភាពថា ការពង្រឹងនិងលើកកម្ពស់ ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ មានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ប្រជាជាតិទាំងពីរ។ ជារួមទៅ គោលនយោបាយការបរទេស ទ្វេភាគី របស់កម្ពុជានិងវៀតណាម ចំពោះគ្នាទៅវិញមក បានរំលេចឱ្យឃើញ នូវភាពរឹងមាំនៃទំនាក់ទំនង រវាងប្រទេសទាំងពីរ។

ក្នុងការបង្ហាញគោលជំហរ ចំពោះគ្នាទៅវិញទៅមក មេដឹកនាំនៃប្រទេសទាំងពីរ តែងតែសម្ដែងឱ្យឃើញ នូវការប្តេជ្ញាចិត្តពង្រឹង ពង្រីក និងលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសទាំងពីរ ឱ្យរីកចម្រើនដល់កម្រិតខ្ពស់ ថ្មីមួយទៀត ដែលនាំមកនូវផលប្រយោជន៍ ពិតប្រាកដសម្រាប់ប្រជាជន និងប្រទេសទាំងពីរ និងរួមចំណែកជាវិជ្ជមាន ដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងភាពរុងរឿងនៅក្នុងតំបន់និងលើពិភពលោក។

ដោយឈរ លើកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងនយោបាយដូចបានបញ្ជាក់ខាងលើ ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជានិងវៀតណាម ពិតជាមិនអាចខ្វះបាន។ ដូច្នេះ ប្រទេសទាំងពីរ ត្រូវបន្តរួមរស់ជាមួយគ្នា ដោយសុខសន្តិភាព គោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នាទៅវិញទៅមក ដោះស្រាយបញ្ហាដោយសន្តិវិធី និងសហប្រតិបត្តិការ លើគ្រប់វិស័យ ដែលមានផលប្រយោជន៍ទាំងសងខាង ឱ្យសក្តិសមនឹងបាវចនា នៃទំនាក់ទំនងដែលប្រទេសទាំងពីរ បានអនុម័តគឺ «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និងឋិតថេរយូរអង្វែង» រវាងប្រទេសទាំងពីរ នាពេលអនាគត។

ជាមួយនឹងបាវចនានេះ យើងសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្រាប់រយៈ៥៥ឆ្នាំ ខាងមុខឬយូរអង្វែង ទៅមុខទៀត នឹងបន្តរីកចម្រើនកាន់តែទូលំទូលាយ កាន់តែស៊ីជម្រៅ កាន់តែមានប្រសិទ្ធភាព និងកាន់តែល្អប្រសើរ ឡើងថែមទៀត៕

ដោយ៖លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា

(ទស្សនៈក្នុងអត្ថបទនេះ ជាទស្សនៈផ្ទាល់ខ្លួន របស់អ្នកនិពន្ធ)

To Top