ព័ត៌មានជាតិ

វៀតណាម ត្រៀមខ្លួនចែករំលែកបទពិសោធន៍ ដល់កម្ពុជា ក្នុងកិច្ចការពារថែរក្សាសន្តិសុខ ចំពោះព្រឹត្តិការណ៍ស៊ីហ្គេមនាឆ្នាំ២០២៣ (Video)

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃ២៣ មិថុនា លោកឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានថ្លែងថា ក្នុងនាមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមឆ្នាំ២០២២ វៀតណាម បានត្រៀមខ្លួនផ្ដល់កិច្ចសហការ និងចែករំលែកបទពិសោធន៍ ក្នុងកិច្ចការពារថែរក្សាសន្តិសុខ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា នាឆ្នាំ២០២៣ ខាងមុខ ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង ក៏បានអបអរសាទរចំពោះការរីកចម្រើន និងវឌ្ឍនភាពជាបន្តបន្ទាប់របស់កម្ពុជា ពិសេសបច្ចុប្បន្ន កម្ពុជាកំពុងបំពេញតួនាទីជាប្រធានអាស៊ានប្តូរ វេនឆ្នាំ២០២២។

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់វិញ លោកក៏វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើការងារប្រយុទ្ធប្រឆាំងបទល្មើស ជាពិសេសបទល្មើសគ្រឿងញៀន និងការឆ្លងដែនខុសច្បាប់ និងការប្រព្រឹត្តល្បែងស៊ីសងឆ្លងដែនជាដើម។

ជាការឆ្លើយតប សម្ដេច ស ខេង បថ្លែងអំណរគុណចំពោះការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង ពាក់ព័ន្ធទៅនឹងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងភាគីទាំង២។

សម្ដេចបានលើកឡើងថា ទោះបីជាជំងឺកូវីដ-១៩ បង្កការរអាក់រអួល និងការអាក់ខាន ដល់ការអនុវត្ត យន្តការសហប្រតិបត្តិការមួយចំនួនរវាងក្រសួងទាំងពីរ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះក្តី ក៏ថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ ជាពិសេសសម្ដេចផ្ទាល់ ជាមួយរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានខិតខំស្វែងរកមធ្យោបាយជួបគ្នាតាមប្រព័ន្ធវីដេអូក្នុងរយៈពេលកន្លងមក ធ្វើយ៉ាងណាបន្តរក្សាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាបន្ថែមទៀត៕

To Top