ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចេញវិធានការ បង្រ្កាបអាជីវកម្មបូមខ្សាច់ ដែលអនុវត្តផ្ទុយ ពីច្បាប់អនុញ្ញាត

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដាក់ចេញនូវវិធានការបន្ទាន់មួយ ដើម្បីបង្ក្រាបរាល់អាជីវកម្ម បូមខ្សាច់ ដែលអនុវត្តផ្ទុយ ពីច្បាប់អនុញ្ញាត ។

ការដាក់ចេញវិធានការ បង្រ្កាបអាជីវកម្មបូមខ្សាច់ ល្មើសច្បាប់ខាងលើ ធ្វើឡើង នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ចាម បន្ទាប់ពីអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដឹកនាំកិច្ចប្រជុំពិភាក្សា លើបញ្ហានេះ ជាមួយមន្ទីរអង្គភាពជំនាញ អភិបាលស្រុក និងមេឃុំចំនួន ៣៥ ឃុំ ដែលមានភូមិសាស្រ្តជាប់ដងទន្លេមេគង្គ ។

លោកអភិបាលខេត្តបានឱ្យដឹងថា កន្លងមក ធ្លាប់មានព័ត៌មានទាក់ទងទៅនឹង ការធ្វើអាជីវកម្មបូមខ្សាច់ល្មើសច្បាប់ ក្នុងស្រុកមួយចំនួន ដែលក្រសួងរ៉ែនិងថាមពល បានអនុញ្ញាតច្បាប់ ឲ្យពួកគាត់ធ្វើអាជីវកម្ម បូមខ្សាច់ ដោយម្ចាស់អាជីវកម្ម មិនបានបូមខ្សាច់នៅតាមទីតាំង ដែលក្រសួងបានកំណត់នោះទេ ពោលគឺបូម នៅតាំងដែលមានខ្សាច់ល្អ តម្រូវទៅតាមទីផ្សារ និងបានបង្កឱ្យមានការបាត់បង់នូវ សួយសារ ជាច្រើន ធ្វើឱ្យអោយរដ្ឋាភិបាល មានការខាតបង់ ចំណូលសម្រាប់ថវិកាជាតិ។

ទាក់ទងទៅនឹង ហេតុផលខាងលើ លោកអភិបាលខេត្ត បានសម្រេច ដាក់ចេញនូវវិធានការបន្ទាន់ រៀបចំមធ្យោបាយ និងកម្លាំងសមត្ថកិច្ច ដើម្បីចុះអនុវត្តការងារបង្ក្រាប និងពង្រឹងសកម្មភាពអាជីវកម្ម បូមខ្សាច់ទាំងអស់ ដែលមាននៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយតម្រូវឲ្យម្ចាស់អាជីវកម្ម ចូលបូមខ្សាច់ទៅតាមទីតាំង ដែលក្រសួងរ៉ែនិងថាមពល បានកំណត់ក្នុងច្បាប់ អនុញ្ញាត នឹងឈានទៅលុបបំបាត់ ឲ្យអស់នូវភាព អាណាធិបតេយ្យ ។

ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ចាម លោក លី ចាន់ធី បានឱ្យដឹងថា ក្នុងខេត្តកំពង់ចាមមាន ក្រុមហ៊ុន សហគ្រាសចំនួន ២២ អាជ្ញាប័ណ្ណ ។

លោក លី ចាន់ធី ឲ្យដឹងទៀតថា កន្លងទៅបញ្ហាប្រឈមពោលគឺ ម្ចាស់ក្រុមហ៊ុន សហគ្រាសបានបោះពង សម្គាល់ ដែនអាជ្ញាប័ណ្ណ រួចរាល់មុននឹងធ្វើអាជីវកម្ម ប៉ុន្តែមិនអាចថែរក្សាឱ្យនៅគង់វង្ស បាន ដោយសារអ្នកនេសាទ កាត់ចោលជាញឹកញាប់ ។ ម្យ៉ាងទៀត មន្ត្រីខ្វះមធ្យោបាយ សម្រាប់ចុះបង្ក្រាប នៅពេលកើតមានបទល្មើស ៕

To Top