ព័ត៌មានជាតិ

លោក សុខ ឥសាន៖ ការប្តូរថ្ងៃកំណើតសម្តេចតេជោ ជាសិទ្ធិឯកជន មិនប៉ះពាល់លុយកាក់ជាតិទេ (Video)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចប្តឹងទៅតុលាការ ដើម្បីដូរថ្ងៃកំណើតពិតប្រាកដសម្តេចវិញ ក្រោយតុលាការបានចេញដីកា សម្រេចប្តូរពីថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១ មកថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២វិញ មានអ្នករិះគន់សម្តេចថា បានខ្ចះខ្ចាយលុយជាតិ តែលោក សុខ ឥសាន បានតបថា ការដូរនេះជាសិទ្ធិឯកជនរបស់សម្តេច គ្មានប៉ះពាល់ដល់ថវិកាជាតិនោះទេ ។

លោក សុខ ឥសាន បានបង្ហាញសំណេរយ៉ាងខ្លី ក្នុងបណ្តាញតេឡេក្រាម នាថ្ងៃ២៤ មិថុនា ថា “ការប្តូរថ្ងៃកំណើតរបស់សម្តេចតជោ ហ៊ុន សែន ជាសិទ្ធិ និងជារឿងឯកជនរបស់សម្តេច មិនប៉ះពាល់លុយកាក់របស់ជាតិទេ” ។

យោងតាមវិទ្យុអាស៊ីសេរីផ្សាយថា “អ្នកឃ្លាំមើលសង្គម បានរិះគន់សម្តេចតេជោថា ការដូរថ្ងៃខែកំណើត នេះ បានធ្វើឲ្យស្ថាប័នរបស់ជាតិ ខាតលុយ និងពេលវេលាព្រោះតែរឿងតូចតាច” ។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា កាលពីថ្ងៃ២០ មិថុនា លោក តាំង ស៊ុនឡាយ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេច កែតម្រូវថ្ងៃខែឆ្នាំកំណើត របស់សម្ដេចតេជោពីថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១ ទៅជាថ្ងៃកំណើតពិតប្រាកដ ថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦។

ក្រោយការចេញដីកាសម្រេចរបស់តុលាការរួចហើយ សម្តេចតេជោក៏បានក្រាបបង្គំ ទូលថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ព្រមទាំងជនរួមជាតិផងដែរ ។ ក្នុងសារលិខិតសម្តេចបញ្ជាក់ថា ការដូរនេះ ដើម្បីជៀសវាងការភាន់ច្រឡំ ពីសំណាក់ឥស្សរជនជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋ ព្រមទាំងមហាជនទូទៅដែលបានផ្ញើសារលិខិត ជូនពរថ្ងៃចម្រើនជន្មាយុរបស់សម្តេច ដល់ទៅពីរដងក្នុងមួយឆ្នាំ ៕

To Top